ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈរបស់មន្ត្រី ដើម្បីធ្វើឱ្យដំណើរការរបស់ក្រសួង ស្ថាប័ន កាន់តែមានភាពសកម្ម រស់រវើក ឆ្លើយតបនឹងទៅការវិវត្តថ្មីៗរបស់សង្គមជាតិ ធានានូវប្រសិទ្ធភាព និងគុណភាពការងារ

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ដែរថា កិច្ចការបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ និងការអភិវឌ្ឍធនធានមនុស្ស ត្រូវបានកំណត់នៅក្នុងទិសដៅយុទ្ធសាស្រ្ត ចំនួន៥ របស់ ក្រសួងព័ត៌មាន គឺទី១៖ ការធ្វើទំនើបកម្មស្ថាប័ន និងការកសាងរដ្ឋបាលទំនើប, ទី២៖ ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ, ទី៣៖ ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ, ទី៤៖ ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងទី៥៖ ការបង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ន និងស័ក្តិសិទ្ធភាព។

ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ. អញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៥ ខែកកញ្ញា ឆ្នាំ២០២៥ រយៈពេល ២ថ្ងៃ នាទីស្តីការក្រសួង។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា កិច្ចការងារការបណ្តុះស្មារតី មនសិកាវិជ្ជាជីវៈដល់មន្ត្រីរាជការ ប្រៀបបានទៅនឹងដួងព្រលឹង ដើម្បីធ្វើឱ្យរាល់ដំណើរការរបស់ក្រសួង ស្ថាប័ន នានាកាន់តែមានភាពសកម្មរស់រវើក ឆ្លើយតបជាមួយការវិវត្តថ្មីៗសង្គមបច្ចុប្បន្ន ។ ដូច្នេះការបណ្តុះបណ្តាល លើកកម្ពស់ឱ្យមន្ត្រីមានចំណេះដឹង ជំនាញច្បាស់លាស់ ប្រកបដោយការទទួលខុសត្រូវ គឺប្រៀបបាននឹងដួងព្រលឹង ក្នុងការធ្វើឱ្យដំណើរកិច្ចការរបស់ក្រសួង ស្ថាប័ន កាន់តែមានភាពរស់រវើក បំពេញការងារបានយ៉ាងលឿន ឆាប់រហ័ស ឆ្លើយតបនឹងតម្រូវការជាក់ស្តែងដែលកើតមានឡើង ។ ការបណ្តុះបណ្តាលស្មារតី មនសិកាវិជ្ជាជីវៈ គឺមានសារៈសំខាន់ណាស់ ដើម្បីឲ្យក្លាយជាធនធានមនុស្សដ៏ល្អ គឺប្រៀបបានទៅនឹងសាច់ ឈាម និងស្បែក ប៉ុន្តែ បើសិនជាយើងមានតែគ្រោងឆ្អឹង សាច់ ឈាម និងស្បែក តែអត់មានមនសិការ និងការទទួលខុសត្រូវ គឺរាងការល្អ ប៉ុន្តែ អត់មានការទទួលខុសត្រូវ និងអត់មានដួងព្រលឹង។ 

ដូចនេះហើយ ការបំពាក់នូវដួងព្រលឹង និងវិជ្ជាជីវៈទៅកាន់មន្ត្រីទាំងអស់ នឹងធ្វើឱ្យដំណើរការរបស់ក្រសួង ស្ថាប័ន កាន់តែមានភាពរស់រវើក ដើម្បីបំពេញតួនាទីប្រកបដោយប្រសិទ្ធភាព និងទទួលបានផលល្អ។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា មូលធនមនុស្ស មិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ់ត្រូវតែមានសមត្ថភាព ធ្វើកិច្ចការងារ មានទេពកោលស្យ ស្នាដៃ មានសុខភាពល្អ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ និងគោរពលើការងាររបស់ខ្លួន នេះហើយជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់មុំទី១ នៅក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺនិយាយអំពីមូលធនមនុស្ស។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានជំរុញលើកទឹកចិត្តដល់មន្ត្រីឱ្យខិតខំបំពេញកិច្ចការងារប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដោយកុំយកឧបសគ្គដាក់នៅចំពោះមុខឱ្យសោះ ព្រោះនៅពេលចេញដំណើរបែរជាយកឧបសគ្គមកដាក់នៅចំពោះមុខ នោះច្បាស់ណាស់ការបំពេញតួនាទីភារកិច្ចនឹងមិនទទួលបានជោគជ័យនោះទេ។ ក្នុងនាមជាមន្ត្រីរាជការ ត្រូវធ្វើយ៉ាងណាកំណត់គោលដៅ ហើយចាប់ផ្តើមរៀបចំផែនការយុទ្ធសាស្ត្រ និងរៀបចំផែនការសកម្មភាពអនុវត្តន៍ដើម្បីអាចបំពេញភារកិច្ចបានជោគជ័យ ដោយឈរលើមូលដ្ឋានការពិត។ 

ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ដែរថា ក្នុងរយៈពេលកន្លងមកនេះ នៅពេលយើងជួបឧបសគ្គកាន់តែធំ កាន់តែអាចឱ្យយើងវាយតម្លៃនូវសមត្ថភាពគ្រប់គ្រងរបស់យើងកាន់តែច្បាស់ ដូច្នេះហើយយើងត្រូវបន្តពង្រឹងនូវអ្វីដែលយើងមាន ស្របតាមអភិក្រមរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី គឺ

“ពង្រឹង ជាជាងពង្រីក” ផ្តោតលើការបង្កើនសមត្ថភាពនៃអង្គភាពដែលមានស្រាប់ ជំនួសឱ្យការពង្រីក ឬបង្កើតថ្មី៕