ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា កិច្ចការងារបណ្តុះបណ្តាលមន្ត្រី គឺបានធ្វើឱ្យមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ន មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញភារកិច្ច និងតួនាទីរបស់ខ្លួនប្រកបដោយគុណភាព និងទទួលបានប្រសិទ្ធភាពខ្ពស់ ស្របទៅតាមដំណើរការអភិវឌ្ឍន៍ជាតិ ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បន្តវេនពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា បានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការងារអភិវឌ្ឍន៍មូលធនមនុស្ស,

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការគ្រប់គ្រងធនធានមនុស្ស» រៀបចំឡើងដោយអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ នាមណ្ឌលបណ្តុះបណ្តាលវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន 

ដើម្បីតម្រង់ទិសការងារដល់មន្ត្រីពាក់ព័ន្ធឱ្យជ្រួតជ្រាបកាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃការគ្រប់គ្រង ធនធានមនុស្សនៅក្នុងអង្គភាពចំណុះក្រសួងព័ត៌មានទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីជាកត្តាចាំបាច់ឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិឱ្យដើរស្របតាមបន្ទាត់នយោបាយរបស់រដ្ឋាភិបាល ខណៈមូលធនមនុស្សមិនត្រឹមតែមានសញ្ញាបត្រ និងមានចំណេះដឹងនោះទេ ប៉ុន្តែ ត្រូវតែមានសមត្ថភាព មានស្នាដៃ មានទេពកោលស្យ សីលធម៌ គុណធម៌ សុជីវធម៌ មានវិជ្ជាជីវៈ មានសុខភាពល្អ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានកំណត់ក្នុងមុំទី១ នៅចំណោមមុំទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដែរថា ក្នុងជំរុញដល់ដំណើរការពង្រឹងសមត្ថភាពមន្ត្រីរាជការលើផ្នែកភាសាបរទេសឱ្យកាន់មានគុណភាពល្អបន្ថែមទៀតនោះ ក្រសួងព័ត៌មាន បានធ្វើទំនាក់ទំនងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសនានា ដើម្បីបញ្ជូនមន្ត្រីរាជការនៃក្រសួងព័ត៌មាន ចេញទៅទទួលបានបណ្តុះបណ្តាល ពង្រឹងសមត្ថភាពនៅក្នុងប្រទេសជាមិត្ត តាមរយៈការផ្តល់អាហារូបករណ៍ និងដំណើរទស្សនកិច្ច ដោយក្នុងនោះប្រទេសចិន ម៉ាឡេស៉ី វៀតណាម ក៏បានចូលរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា លើវិស័យព័ត៌មាន និងសោតទស្សន៍ជាច្រើន។

ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ដែរថា 

នៅដើមអាណត្តិទី៧នេះ ប្រជាជន បានសាទរ ហើយផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការពង្រឹងធនធានមនុស្សបន្តវេន ពីព្រោះកម្ពុជា បានកំណត់ចក្ខុវិស័យទៅមុខនៅឆ្នាំ២០៥០ ទៅជាប្រទេសដែលមានចំណូលខ្ពស់។ ទាក់ទងវិស័យព័ត៌មាន និងសោតទស្សន៍ ក៏ត្រូវចាំបាច់ជំរុញ និងរៀបចំផែនការអភិឌ្ឍមូលធនមនុស្សឱ្យបានច្បាស់លាស់ ដើម្បីដើរស្របតាមបន្ទាត់នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

ដូច្នេះហើយ នៅពេលប្រទេសជាតិមានការអភិវឌ្ឍន៍ ធនធានមនុស្សគឺមិនអាចខ្វះបានជាដាច់ខាត ធនធានមនុស្សមិនអាចធ្វើការងារដោយចុងដៃ ចុងជើងនោះទេ។ ប្រទេសជាតិរីកចម្រើន គឺចាំបាច់បំផុតមានធនធានមនុស្ស ។ នៅក្នុងក្របខណ្ឌនេះ ក្រសួងព័ត៌មាន បានរៀបចំផែនការយុទ្ធសាស្រ្ត ក្នុងការកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស ដែលសំដៅលើធនធានមនុស្សប្រកបដោយសមត្ថភាព ទេពកោសល្យ គោរពវិជ្ជាជីវៈ និងភាពច្នៃប្រឌិត ជាកត្តាគន្លឹះ និងមានសក្តានុពលដែលគាំទ្រដល់គ្រប់ដំណើរការអភិវឌ្ឍន៍ ពីព្រោះថាស្ថាប័ននីមួយៗ មិនអាចដំណើរការបានប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងផលិតភាពឡើយ ប្រសិនបើគ្មានធនធានមនុស្សដែលមានគុណវុឌ្ឍខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារដោយប្រកាន់ខ្ជាប់នូវ វិជ្ជាជីវៈ និងក្រមសីលធម៌ ។

ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ដែរថា ក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលខុសត្រូវផ្នែកការងារទំនាក់ទំនងសាធារណមតិឱ្យរាជរដ្ឋាភិបាល បានផ្តោតទៅលើការរៀបចំផែនការបណ្តុះបណ្តាល ហើយនៅក្នុងឆ្នាំ២០២៥ តាមផែនការគឺមានជាង ៨០វគ្គ បណ្តុះបណ្តាល ដោយផ្តោតសំខាន់លើការពង្រឹងសមត្ថភាពដល់មន្ត្រីរាជការ ។ ពីព្រោះថាវិស័យសារព័ត៌មាន គឺមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងការរីកចម្រើនរបស់ប្រទេសជាតិ ដូច្នេះ ប្រសិនបើកម្រិតមន្ត្រីទទួលបន្ទុកផ្នែកព័ត៌មាន និងសោតទស្សន៍ មិនគុណភាពក្នុងការផ្តល់ព័ត៌មាន ជូនប្រជាពលរដ្ឋនោះនឹងនាំផលលំបាកនៃការគ្រប់គ្រងសាធារណមតិ។

លោកស្រី ប៊ុតផន សុផាណាវី អគ្គនាយិការង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងធនធានមនុស្ស” ប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៨ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងដើម្បីពង្រឹង សមត្ថភាពនិងចំណេះជំនាញរបស់មន្ត្រីរាជការ ដែលកំពុងអនុវត្តការងារនៅតាមអង្គភាពចំណុះក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងកិច្ចការងារគ្រប់គ្រងធនធានមនុស្ស។ វគ្គបណ្តុះបណ្តាលនេះ នឹងផ្សារភ្ជាប់ទាំងការបញ្ជ្រាបចំណេះដឹងនិងតម្រង់ទិសការងារដល់មន្ត្រីពាក់ព័ន្ធឱ្យជ្រួតជ្រាបកាន់តែច្បាស់អំពីទិដ្ឋភាពរួមនៃការគ្រប់គ្រង ធនធានមនុស្សនៅក្នុងអង្គភាព ក៏ដូចជាការរៀបចំចាត់ចែងលើបម្រែបម្រួលស្ថានភាពមន្ត្រីឱ្យបានទាន់ពេល វេលារួមមាន ការត្រៀមលក្ខណៈក្នុងការពិនិត្យនិងវាយតម្លៃមន្ត្រីនៅតាមអង្គភាពនីមួយៗដើម្បីរៀបចំស្នើសុំ ដំឡើងថ្នាក់ឋានន្តរសក្តិ ស្នើសុំមេដាយ និងគ្រឿងឥស្សរិយយស ព្រមទាំងពិនិត្យលើតម្រូវការក្នុងការអភិវឌ្ឍ សមត្ថភាពមន្ត្រីបន្តវេននៅតាមអង្គភាព ជំនួសមន្ត្រីដែលនឹងចូលនិវត្តន៍ ឬទទួលបានការចាត់តាំងក្នុងមុខ តំណែងថ្មី។

តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង គឺស្រមតាមផែនការកសាងនិង អភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាននិងសោទស្សន៍ឆ្នាំ២០២៥ -២០២៨ ដែលបានដាក់ចេញដោយ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងព័ត៌មាន។ ដូច្នេះហើយ អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាអង្គភាពគ្រប់គ្រងធនធានមនុស្ស និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស បានសហការជាមួយលេខាធិការដ្ឋាន ក.អ.ម រៀបចំវគ្គ បណ្តុះបណ្តាលនេះឡើង ដែលជាវេទិកាចែករំលែកចំណេះដឹងបទពិសោធន៍ និងបញ្ហាប្រឈមជូនដល់ សិក្ខាកាមដើម្បីពង្រឹងសមត្ថភាព និងពង្រឹងការអនុវត្តលើកិច្ចការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សិក្ខាកាមដែលចូលរួមនាឱកាសនេះជាមន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួងព័ត៌មាន ចាប់ពីមន្ត្រីរហូតដល់អនុប្រធាននាយកដ្ឋានដែលទទួលបន្ទុកកិច្ចការបុគ្គលិក មកពីអគ្គនាយក ដ្ឋានទាំង៥ និងអង្គភាពចំណុះក្រសួង ព្រមទាំងមកពីមន្ទីរព័ត៌មានរាជធានី-ខេត្ត សរុបចំនួន ១១៦នាក់៕