ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំណែនាំ និងការតម្រង់ទិស កុំផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ និងចូលរួម គ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ

( ភ្នំពេេញ )៖ កិច្ចប្រជុំណែនាំ និងការតម្រង់ទិស កុំផ្សព្វផ្សាយ និងចែកចាយព័ត៌មានដែលផ្តល់ភាពអវិជ្ជមានដល់សន្តិសុខជាតិ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងព័ត៌មាន អស់លោក លោកស្រី តំណាងមកពីស្ថានីយវិទ្យុ ទូរទស្សន៍ គេហទំព័រ និងសមាគមសារព័ត៌មាន សរុបប្រមាណជាង ២០០រូប ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ការជួបជុំគ្នានាឱកាសនេះ ដើម្បីផ្សព្វផ្សាយការងារសំខាន់ៗមួយចំនួនក្នុងការធ្វើយ៉ាងណាឲ្យប្រព័ន្ធផ្សព្វផ្សាយចូលរួមគ្រប់គ្រងស្ថានភាពការផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ។

ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងការអរគុណដល់ស្ថាប័នព័ត៌មានដែលបានចូលរួមផ្សព្វផ្សាយផ្តល់ព័ត៌មានពិត ត្រឹមត្រូវជូនទៅដល់បងប្អូនប្រជាពលរដ្ឋទទួលបានគ្រប់ជ្រុងជ្រោយ ហើយជាពិសេសនៅមុនពេលមានការប្រយុទ្ធគ្នា គឺក្រសួងព័ត៌មាន តែងតែចេញផ្សព្វផ្សាយថាតើប្រភពព័ត៌មានណាខ្លះដែល បងប្អូនប្រជាពលរដ្ឋជឿទុកចិត្ត នោះគឺប្រភពព័ត៌មានពី រាជរដ្ឋាភិបាល,ក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,ក្រសួងព័ត៌មាន, ផេកផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈ Facebook និង Telegram របស់សម្តេច ដែលបានផ្តល់នូវព័ត៌មានពិត និងត្រឹមត្រូវជូនប្រជាពលរដ្ឋ៕