ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា ការពង្រឹងនូវមូលធនមនុស្ស គឺជាដំណើរឆ្ពោះទៅមុខក្នុងការអភិវឌ្ឍប្រទេសដែលចាំបាច់ត្រូវមានធនមនុស្សដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងកម្រិតខ្ពស់,

មូលធនមនុស្ស គឺនៅលើមួយកម្រិតទៀតដែលអ្វីគេហៅថាធនធានមនុស្ស,មូលធនមនុស្ស គឺជាអ្នកដែលមានទេពកោសល្យ មានជំនាញ មានបទពិសោធន៏ក្នុងការងារ ហើយមូលធនមនុស្សផ្តល់លទ្ធផល និងផលិតភាពខ្ពស់ជាង ធនធានមនុស្សធម្មតា,
នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី “ការលើកកម្ពស់ការអនុវត្តច្បាប់ និងការគ្រប់គ្រងរដ្ឋបាលផ្ទៃក្នុង” នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ សាលមណ្ឌលបណ្តុះបណ្តាលនិងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មានទីស្តីការក្រសួង ដើម្បីបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល ជាពិសេសតម្រង់ទិសជូនដល់មន្ត្រីរាជការឱ្យអនុវត្តការងារស្របតាមនីតិវិធីរដ្ឋបាល និងមានស្តង់ដារួមតែមួយ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កាលពីមុនយើងនិយាយពីធនធានមនុស្ស ដែលសំដៅតែទៅលើអ្នកបានបណ្តុះបណ្តាល មានសមត្ថភាព មានទេពកោសល្យ ប៉ុន្តែយើងនៅមិនទាន់ពង្រឹងឲ្យបានខ្លាំងនៅឡើយនោះទេ ព្រោះស្របតាមបរិបទនៃប្រទេស ដែលទើបចេញពីរបបខ្មែរក្រហម ហើយបាត់បង់អ្នកចេះដឹងយ៉ាងច្រើន ។ បន្ទាប់ពីឆ្លងកាត់របបខ្មែរក្រហម រួចមក អ្នកចេះដឹងដែលនៅសល់ពីការកាប់សម្លាប់ គឺនៅសល់អ្នកចេះច្រើនខ្លះ បានជួយបង្រៀនអ្នកចេះតិច, អ្នកចេះតិចបង្រៀនអ្នកអត់ចេះ, ដែលនេះជាចំណុចផ្តើមនៃដំណើរអភិវឌ្ឍន៍ធនធានមនុស្សនៅក្នុងប្រទេសកម្ពុជា កាលពីពេលមុន ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ធនធានមនុស្សយើងមានច្រើន ហើយរាជរដ្ឋាភិបាលបានខិតខំពង្រឹងឲ្យកាន់តែខ្លាំងបន្ថែមទៀតដើម្បីក្លាយជាមូលធនមនុស្ស បានកាន់តែច្រើន ប្រកបដោយសមត្ថភាពខ្ពស់ ហើយមិនត្រឹមតែមានចំណេះដឹងតែមួយប៉ុណ្ណោះនោះទេ ប៉ុន្តែត្រូវមានសមត្ថភាពគ្រប់គ្រាន់ ច្បាស់លាស់ មានស្នាដៃ មានសីលធម៌ មានគុណធម៌ មានសុជីវធម៌ និងមានសុខភាពល្អ។ ដូច្នះ គ្រប់ក្រសួង ស្ថាប័នដែលចំណុះឲ្យរាជរដ្ឋាភិបាល គឺត្រូវរៀបចំផែនការអភិវឌ្ឍធនធានមនុស្សរបស់ខ្លួន ដើរស្របយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីឈានទៅសម្រេចឲ្យបាននូវផែនការរបស់រាជរដ្ឋាភិបាល ដែលបានដាក់បង្គោលគោលចររួចហើយក្នុងការសម្រេចនូវបង្គោលចរពីរ ក្នុងរយៈពេល ២៥ឆ្នាំទៅមុខ ដោយប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ជាប្រទេសអភិវឌ្ឍនៅឆ្នាំ២០៥០ ។ ឯកឧត្តម បានបញ្ជាក់ថា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សពាក់ព័ន្ធនឹងកិច្ចការងាររដ្ឋបាល មានសារៈសំខាន់សម្រាប់ប្រទេសជាតិ និយាយដោយឡែកសម្រាប់ក្រសួងព័ត៌មាន គឺឲ្យស្របទៅនឹងការវិវឌ្ឍនៃប្រព័ន្ធរដ្ឋបាលរបស់កម្ពុជា ក៏ដូចជាក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុតផ្សេងៗទៀត។
ជាថ្មីម្តងទៀត ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ធនធានមនុស្ស, មូលធនមនុស្ស, រដ្ឋបាលទំនើប , ការធ្វើទំនើបកម្មស្ថាប័ន គឺជាពាក្យគន្លឹះ ក្នុងការធ្វើកំណែទម្រង់ផ្នែករដ្ឋបាល របស់ក្រសួង ស្ថាប័ន នៅក្នុងក្របខណ្ឌការងាររបស់មន្ត្រីរាជការឲ្យបានល្អប្រសើរបន្ថែមទៀត៕
