ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីបិទវគ្គបណ្តុះបណ្តាលជំនាញ “ភាពជាអ្នកដឹកនាំ និងប្រសិទ្ធិភាពនៃការគ្រប់គ្រង” ជូនដល់អ្នកដឹកនាំ មន្ត្រីក្រសួងព័ត៌មាន បុគ្គលិកឯកជនដែលបំរើការងារក្នុងវិស័យព័ត៌មាន និងផ្សព្វផ្សាយ,

វគ្គបណ្តុះបណ្តាលនេះ ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ ការគ្រប់គ្រង បទពិសោធន៍ និងចំណេះដឹងស្តីពីគោលនយោបាយ,
ផែនការយុទ្ធសាស្រ្ត , ផែនការសកម្មភាព និងទំនាក់ទំងសាធារណៈ,

(ភ្នំពេញ)៖ បនា្ទប់ពីបានដំណើរការអស់រយៈពេល ៥ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី”ភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង” បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន

វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយ
ក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន ក.អ.ម ដែលមានសិក្ខាកាមជាមន្ត្រីក្រសួងព័ត៌មាន សមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មាន សរុបចំនួន ១៤១នាក់ ។

ឯកឧត្តម សំបូរ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាន ក.អ.ម បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលរយៈពេល ៥ថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកបទពិសោធន៍ លើកកម្ពស់សមត្ថភាពដឹកនាំ គ្រប់គ្រង និងចំណេះដឹងពីគោលនយោបាយ ផែនការយុទ្ធសាស្ត្រ ផែនការ សកម្មភាព និងទំនាក់ទំនងសាធារណៈ និងដើម្បីចូលរួមអនុវត្តការងារ និងលើកកម្ពស់នូវសណ្តាប់ធ្នាប់សារព័ត៌មាននិងការផ្សព្វផ្សាយ ប្រកបដោយ គុណភាព និងសុវត្ថិភាព។ សិក្ខាកាមទាំងអស់ដែលបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនាឱកាសនេះ បានទទួលនូវចំណេះដឹងជាច្រើនពីគ្រូឧទ្ទេស ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ឱ្យយល់កាន់តែច្បាស់និងមានសមត្ថភាពបំពេញ
ការងារក្នុងអង្គភាពរបស់ខ្លួនឱ្យបានល្អ ឱ្យកាន់តែមានគុណភាព ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ក្នុងការផ្តល់ព័ត៌មានពិតត្រឹមត្រូវ រហ័ស និងមានការទទួលខុសត្រូវខ្ពស់ អភិវឌ្ឍន៍ស្ថាប័នរបស់ខ្លួន៕