ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញពិនិត្យមើលការធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ប.ស.ស. របស់មន្ត្រីក្រសួងព័ត៌មាន ដើម្បីធានាបាននូវសុក្រឹតភាព និងជួយសម្រួលដល់មន្ត្រីរាជការទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅមូលដ្ឋានសុខាភិបាលដែលជាដៃគូ,

(ភ្នំពេញ)៖ ដើម្បីធានាបាននូវសុក្រឹតភាព និងជួយសម្រួលដល់មន្ត្រីរាជការទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន ដែលមានបណ្ណ ប.ស.ស. ចាស់គ្មានរូបថត បានអញ្ជើញមកធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក បេឡាជាតិសន្តិសុខសង្គម (បន្ថែមរូបថត និងស្នាមខ្មៅដៃ) ។
កាេធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ប.ស.ស. សម្រាប់ក្រសួងព័ត៌មាន ដំណើរទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ទី០៣ ខែកក្កដា ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន ទីស្តីការក្រសួងព័ត៌មាន។
ដំណើរការថ្ងៃដំបូង ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥ ត្រូវបាន ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចុះមកពិនិត្យផ្ទាល់ ហើយបានប្រកាសបន្ថែម សូមឲ្យថ្នាក់ដឹកនាំក្រសួង ទីប្រឹក្សា មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាក្រសួងព័ត៌មាន អញ្ជើញមកធ្វើបច្ចុប្បន្ន ភាពប័ណ្ណសមាជិក ប.ស.ស. ដោយសូមភ្ជាប់មកជាមួយនូវឯកសារ ដូចខាងក្រោម៖
១. ប័ណ្ណសមាជិក ប.ស.ស. (ច្បាប់ដើម)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ដើម) ដែលមានសុពលភាព
៣. ប័ណ្ណសម្គាល់ខ្លួនមន្ត្រីរាជការ (ច្បាប់ដើម សម្រាប់មន្ត្រីក្របខ័ណ្ឌ)
តាមរយៈការបញ្ជាក់របស់ក្រុមការងារ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ការធ្វើបច្ចុប្បន្នភាពប័ណ្ណសមាជិក ប.ស.ស. ដែលគ្មានរូបថត ដោយការធ្វើថ្មី បន្ថែមរូបថត និងស្នាមខ្មៅដៃ គឺដើម្បីធានាបាននូវសុក្រឹតភាព និងជួយសម្រួលដល់មន្ត្រីរាជការទៅប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ នៅមូលដ្ឋានសុខាភិបាលដែលជាដៃគូ ប.ស.ស. អាចយកប័ណ្ណ ប.ស.ស. ទៅប្រើប្រាស់ដោយពុំចាំបាច់ភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលបង្កភាពងាយស្រួលជាងមុន ដែលត្រូវយកទៅភ្ជាប់ជាមួយ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងប័ណ្ណ ប.ស.ស. ចាស់ដែលគ្មានរូបថត ៕