ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បើកវគ្គបណ្តុះបណ្តាលជំនាញ”ភាពជាអ្នកដឹកនាំ និងប្រសិទ្ឋភាពនៃការគ្រប់គ្រង” ដើម្បីលើកកម្ពស់សមត្ថភាពដឹកនាំ ការគ្រប់គ្រង បទពិសោធន៍ និងចំណេះដឹងស្តីពីគោលនយោបាយ,ផែនការយុទ្ធសាស្រ្ត , ផែនការសកម្មភាព និងទំនាក់ទំងសាធារណៈ,

(ភ្នំពេញ)៖ ក្រុមការបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញ”ភាពជាអ្នកដឹកនាំ និងប្រសិទ្ឋភាពនៃការគ្រប់គ្រងក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ជូនដល់មន្ត្រី ក្រសួងព័ត៌មាន សមាគមទូរទស្សន៍ សមាគមវិទ្យុ និងសមាគមអ្នកសារព័ត៌មានចំនួន ១៤១នាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ឯកឧត្តមបណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្រសួងព័ត៌មាន បានជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន ១៤១នាក់ ជាមន្ត្រីរាជការមកពីក្រសួងព័ត៌មាន និងបណ្តាអង្គភាពមិនចំណុះក្របខ័ណ្ឌក្រសួងព័ត៌មាន ពាក់ព័ន្ធវិស័យព័ត៌មាន និងសោតទស្សន៍ ។ វគ្គនេះ មានរយៈពេល ៥ថ្ងៃពេញ គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ផ្តោតលើប្រធានបទ ៖
« ជំនាញភាពជាអ្នកដឹកនាំ និងប្រសិទ្ធភាពនៃការគ្រប់គ្រង» ហើយ បន្ទាប់ពីចប់នេះទៅ សិក្ខាកាមត្រូវបានរំពឹងថា នឹងអាចមានសមត្ថភាពចូលរួមអនុវត្តការងារដឹកនាំ និងការ គ្រប់គ្រង ព្រមទាំងលើកកម្ពស់នូវសណ្តាប់ធ្នាប់សារព័ត៌មាន និងការផ្សព្វផ្សាយ ប្រកបដោយគុណភាព និង សុវត្ថិភាព ហើយការងារទំនាក់ទំនងសាធារណៈកាន់តែប្រសើរ។
សម្រាប់ប្រធានបទនៃវគ្គជំនាញ«ភាពជាអ្នកដឹកនាំ និងប្រសិទ្ឋភាពនៃការគ្រប់គ្រងការដឹកនាំស្ថាប័ន» មានមុខវិជ្ជាចំនួន ៨ គ្រូតម្រង់ទិស និងគ្រូនង្គោលចំនួន ៦រូប រួមមាន ការដឹកនាំស្ថាប័ន , ទំនាក់ទំនងសាធារណៈ,ភាពជាអ្នកដឹកនាំក្នុងវិស័យព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសោតទស្សន៍, មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង, ការគ្រប់គ្រងអង្គភាព,ផែនការសកម្មភាពកសាង និងអភិវឌ្ឍន៍មូលធនមនុស្ស, ផែនការបដិវត្តកម្មឌីជីថលក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីអ្វីទៅជា «ភាពជាអ្នកដឹកនាំ» អ្នកខ្លះនិយាយថា «ភាពជាអ្នកដឹកនាំ» មានពីកំណើត, អ្នកខ្លះនិយាយថា ភាពជាអ្នកដឹកនាំ កើតចេញពីការរៀនសូត្រ ការអនុវត្ត និង បទពិសោធក្នុងការដឹកនាំ, ភាពជាអ្នកដឹកនាំ មិនមែនទាល់តែដឹកនាំអ្នកដទៃទេ បុគ្គលម្នាក់ៗអាចធ្វើជាអ្នកដឹកនាំលើខ្លួនឯងបាន។
ឯកឧត្តម បានលើកឡើងថា «ភាពជាអ្នកដឹកនាំ» ត្រូវបានគេផ្តល់និយមន័យផ្សេងៗគ្នា ប៉ុន្តែជារួម «វាជាដំណើរនៃការជះឥទ្ធិពល ទៅលើខ្លួនយើង ឬមនុស្សមួយក្រុមក្នុងការបំពេញកិច្ចការអ្វីមួយ ដើម្បីឈានទៅសម្រេចគោលដៅ របស់ខ្លួន ឬគោលដៅរួម ប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ៕