ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា លើកទឹកចិត្តឱ្យសិស្សានុសិស្ស និងយុវជននាំគ្នាប្តូរទម្លាប់មកអានសៀវភៅដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ នៅពេលដែលយើងអានច្រើន គឺយើងនឹង ដឹងនិងចេះកាន់តែច្រើន

ឯកឧត្តម រដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឱ្យមានការផ្សព្វផ្សាយទូលំទូលាយ ដើម្បីឱ្យប្រជាជនយើងងាកមកទម្លាប់អានសៀវភៅទាំងអស់គ្នា មិនថាតែសៀវភៅជាភាសាខ្មែរ ឬភាសាបរទេសផ្សេងទៀតក៏ដោយ
(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើការជំរុញលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងយុវជនយើងនាំគ្នាប្តូរទម្លាប់មកអានសៀវភៅ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាពរបស់ខ្លួនជាប្រចាំ
ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដោយបានផ្តោតសំខាន់លើមូលធនមនុស្ស ដែលសំដៅទៅលើធនធានមនុស្សដែលមានសមត្ថភាព មានចំណេះដឹង មានទេពកោសល្យ មានស្នាដៃ មានសុខភាពល្អ គុណភាព មានគុណធម៌ និងមានសុជីវធម៌ ។
ការជំរុញលើកទឹកចិត្តឲ្យមានការអានសៀវភៅបានច្រើននេះធ្វើឡើងក្នុងឱកាសឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កាត់ខ្សែបូសម្ពោធពិព័រណ៍សៀវភៅ«Big Bad Wolf Books Cambodia»លើកទី៤ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ នាសាលបុរីរុងរឿង ភូមិ គៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោកស្រី Nur Herzazzila ទីប្រឹក្សា និងជាអនុប្រធានបេសកកម្មនៃស្ថានឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងថា ប្រទេសកម្ពុជា ក្រោមមគ្គុទ្ទេសក៍ដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានគាំទ្រ ជំរុញលើកទឹកចិត្តវិស័យអំណាន តាមរយៈការបង្កើតទិវាជាតិអំណានជាលើកដំបូងនៅក្នុងឆ្នាំ២០១៦ ក្នុងគោលបំណងដើម្បីបណ្ដុះទម្លាប់អាន ជំរុញវប្បធម៌អាន លើកកម្ពស់សមត្ថភាពអាន និងការតែងនិពន្ធ សំដៅរួមចំណែកការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ ដូច្នេះការដែល Big Bad Wolf Books និងដៃគូរសហការទាំងអស់ រួមទាំង សហភាពសហព័ន្ធយុវជនកម្ពុជា រៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍នេះឡើង បាននាំយកមកនូវសៀវភៅជាច្រើនប្រភេទដើម្បីបំពេញតម្រូវការផ្នែកអំណាន ដែលកំពុងរីកលូតលាស់នៅក្នុងសង្គមកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសក៏បានរួមចំណែកលើកស្ទួយវិស័យអប់រំរបស់ផងដែរ។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា “ ខ្លួនខ្ញុំផ្ទាល់ក៏ជាអ្នកចូលចិត្តអានសៀវភៅមួយរូបផងដែរ ដោយមួយឆ្នាំខ្ញុំអាចអានបានក្នុងរង្វង់ ៣០០ក្បាល ហើយមេដឹកនាំពិភពលោកជាច្រើនរូបសុទ្ធសឹងជាអ្នកចូលចិត្តអាចសៀវភៅ “ ។ ឯកឧត្តម បានបញ្ជាក់ដែរថា
ដោយសារការអាន អាចជួយដល់ ការស្តាប់ របស់យើងដោយមិនច្រឡំ អត្ថន័យ។ នៅពេលដែលយើងអានច្រើន គឺយើងនឹង ដឹងនិងចេះកាន់តែច្រើន។ បន្ថែមលើនេះ ការអានអាចជួយដល់ការនិយាយរបស់យើងឱ្យ បានកាន់តែល្អដោយមាន ឃ្លា មានប្រយោគ មានបែបបទ នៃការនិយាយ និងប្រើពាក្យពេចន៍បានត្រឹមត្រូវទៅតាម កាលៈទេស ។ មិនត្រឹមតែប៉ុណ្ណោះ ការអានគឺអាចជួយដល់ការសរសេររបស់យើងឱ្យត្រូវតាម វេយ្យាករណ៍ ។ ដូច្នេះ នៅពេលយើងសរសេរ សំណេរ អត្ថបទអ្វីមួយ គឺអាចយកគន្លឹះ ឬរបៀបនៃការប្រើ វេយ្យាករណ៍ទាំងនេះ មកសរសេរអត្ថបទបានយ៉ាងល្អ ។ ដូច្នេះហើយ ក្រសួងព័ត៌មាននឹងនៅតែបន្តគាំទ្រចំពោះពិព័រណ៍សៀវភៅរបស់ Big Bad Wolf Books ដែលបានចូលរួមលើកកម្ពស់ការសិក្សារៀនសូត្រ ចំណេះដឹង និងពង្រឹងវប្បធម៌នៃការអាន។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា សូមលើកទឹកចិត្តដល់ក្រសួងស្ថាប័នទាំងអស់សូមចូលរួមបង្កើតនូវបណ្ណាល័យ ដើម្បីបង្កនូវបរិយាកាសងាយស្រួលសម្រាប់បុគ្គលិក និងមន្រ្ដីរាជការចូលរួមអាន និងស្រាវជ្រាវ ចំណេះដឹងថ្មីៗ ដើម្បីបង្កើននូវសមត្ថភាព និងប្រសិទ្ធភាពការងារ និងដាក់ខ្លួននៅឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។
លោកស្រី Jacqueline Ng សហស្ថាបនិករបស់ Big Bad Wolf Books បានជម្រាបជូនថា ពិព័រណ៍សៀវភៅលើកទី៤នេះ មានការដាក់តាំងលក់សៀវភៅប្រមាណជាង ១លានក្បាល ច្រើនជាង ២មុឺនចំណងជើង ហើយសម្រាប់ពិព័រណ៍សៀវភៅដ៏ធំបំផុតនិងមានប្រជាប្រិយភាពនេះធ្វើឡើងក្នុងន័យលើកកម្ពស់ និងបណ្តុះទម្លាប់ការអាន ជាពិសេសចំពោះកុមារ និងយុវជន។ សម្រាប់សៀវភៅមានជាង ១លានក្បាល មានដូចជា សៀវភៅកុមារ អក្សរសិល្ប៍ ធុរកិច្ច សៀវភៅធ្វើម្ហូប រឿង ប្រឌិតបែបវិទ្យាសាស្ត្រ រឿងបែបរន្ធត់ និងប្រភេទសៀវភៅជាច្រើនទៀត។ នេះគឺជាឱកាសដ៏ល្អសម្រាប់អ្នក ក្នុងការស្តុកទុកសៀវភៅដែលផ្តោតលើការបំផុសគំនិត ចំណេះដឹង និងក្តីរីករាយ ក្នុងតម្លៃសៀវភៅល្អបំផុតដែល មិនមាននៅកន្លែងផ្សេងទៀតឡើយ៕