ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ អ្នកបង្កើតមាតិកា អ្នកមានឥទ្ធិពលលើបណ្តាញទំនាក់ទំនងសង្គម និងសារព័ត៌មានវិជ្ជាជីវៈ គឺជាតួអង្គយ៉ាងសំខាន់នៅក្នុងការផ្សាយព័ត៌មានពិត មានប្រភពច្បាស់លាស់ពាក់ព័ន្ធស្ថានភាពព្រំដែនកម្ពុជា-ថៃ ហើយត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ,

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់តាមដានព័ត៌មានទាក់ទងនឹងស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ប៉ុន្តែសូមកុំមានភាពស្លន់ស្លោ!
ការអំពាវនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបប្រជុំជាមួយអ្នកបង្កើតមាតិកា ដែលជាអ្នកផ្សព្វផ្សាយដ៏មានឥទ្ធិពល និងមានអ្នកគាំទ្រទស្សនាច្រើននៅក្នុងបណ្តាញទំនាក់ទំនងសង្គម នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង កម្ពុជា-ថៃ គឺអ្នកសារព័ត៌មានអាជីព មានវិជ្ជាជីវៈត្រឹមត្រូវ អ្នកផលិតមាតិកា រួមទាំងអ្នកដែលមានឥទ្ធិពលក្នុងបណ្តាញទំនាក់ទំនងសង្គម ត្រូវរួមគ្នាផ្សព្វផ្សាយព័ត៌មានណាដែលជាការពិត មានប្រភពច្បាស់ការក្នុងនោះត្រូវដកស្រង់ពីប្រភពព័ត៌មានសំខាន់ៗចំនួន ៣ ដែលជាប្រភពព័ត៌មានផ្លូវការ ពិតនិងត្រឹមត្រូវ ជឿទុកចិត្តគឺ៖ ១-ប្រភពពីរាជរដ្ឋាភិបាលកម្ពុជា និងប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។ ២-ប្រភពក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង ៣-ប្រភពក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានគូសបញ្ជាក់ថា យើងជាអ្នកសារព័ត៌មាន ជាអ្នកបង្កើតមាតិកា ត្រូវចូលរួមផ្សព្វផ្សាយបានទូលំទូលាយដើម្បីរួមគ្នាលើកតម្កើងពីតម្លៃនៃសន្តិភាព ដែលកំពុងមានក្នុងពេលច្ចុប្បន្ននេះ ព្រោះសន្តិភាពបានបង្កើតឱកាសគ្រប់បែបយ៉ាងដើម្បីយើងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើន។
ឯកឧត្តម បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មាន មិនមានប្រភពច្បាស់លាស់ ឬក៏យកប្រភពព័ត៌មានពីប្រទសេសជិតខាងដែលកំពុងតែមានបញ្ហាជាមួយកម្ពុជា ច្បាស់ណាស់នឹងធ្វើប្រជាពលរដ្ឋមានការយល់ច្រឡំ ពីស្ថានភាពជាក់ស្តែងជុំវិញបញ្ហាព្រំដែន។ ដូច្នេះ ហើយ ឯកឧត្តម រដ្ឋមន្ត្រី បានអំពាវនាវដល់បងប្អូនដែលមានឥទ្ធិពលក្នុងបណ្តាញសង្គម ត្រូវប្រកាន់នូវគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា គឺគោលការណ៍សន្តិសហវិជ្ជមាន មានន័យថាការរស់នៅដោយ សុខដុមនីយកម្មជាមួយគ្នា ខណៈសន្តិភាព ជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម បានរំលឹកសារជាថ្មីថា អ្នកសារព័ត៌មាន និងអ្នកលេងបណ្តាញទំនាក់ទំនងសង្គម កុំចែកចាយ ឬផ្សាយព័ត៌មានលឿនជ្រុលពេកនៅពេលស្រង់ប្រភពពីក្រៅប្រទេស ព្រោះវាអាចជាព័ត៌មានមិនផ្លូវការ គ្មានការផ្ទៀងផ្ទាត់ ឬជាព័ត៌មានក្លែងក្លាយ ។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់ឱ្យបានរាល់ការផ្សាយ ឬចែកចាយព័ត៌មានបែបបំភ្លៃ បំផ្លើស ការក្លែងបន្លំព័ត៌មានដោយចរិតញុះញង់ ឬមានបង្កប់របៀបវារៈទុច្ចរិតក្នុងការបង្កអសន្តិសុខ ឬធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងជាមួយប្រទេសដទៃ។ កុំចែកចាយ ឬផ្សាយព័ត៌មាន ឬបង្កសកម្មភាពដែលនាំឱ្យមានការ រើសអើងលើ ជាតិ សាសាសន៍។
ឯកឧត្តម បានបញ្ជាក់ថា សូមឱ្យបងប្អូនប្រជាពលរដ្ឋជឿជាក់និងទុកចិត្តលើថ្នាក់ដឹកនាំជាតិរបស់យើងគឺ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយភាពឈ្លាសវៃនិងតម្កល់ផលប្រយោជន៍ជាតិជាធំដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងដោយសន្តិវិធី ប្រកប ដោយភាពម៉ឺងម៉ាត់។
ដើម្បីថែរក្សាសន្តិភាព មិត្តភាពល្អ និងបញ្ជាសសង្គ្រាមជាយថាហេតុ, កម្ពុជាប្រកាន់ជំហរយក«បញ្ហាព្រំដែន» នៅតំបន់មុំ៣ ប្រាសាទតាមាន់ធំ តាមាន់តូច តាក្របី ទៅកាន់តុលាការយុត្ដិធម៌អន្ដរជាតិ (ICJ) ដើម្បីធានាបាននូវភាពយុត្តិធម៌ ត្រឹមត្រូវ និងមានដំណោះស្រាយជាស្ថាពរ៕