ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រគល់ម៉ូតូចំនួន ១០គ្រឿង ដល់អគ្គនាយកដ្ឋានទាំង៥ ចំណុះឲ្យក្រសួងព័ត៌មាន ទុកសម្រាប់ជាមធ្យោបាយធ្វើដំណើរក្នុងចុះបំពេញកិច្ចការងារបានទាន់ពេលវេលា,

(ភ្នំពេញ)៖ ដើម្បីជួយសម្រួល
ដល់ការធ្វើដំណើរចុះបំពេញកិច្ចការងារឲ្យបានលឿន និងទាន់ពេលវេលា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តល់ជូននូវម៉ូតូថ្មីប្រភេទ Honda Dream ចំនួន ១០គ្រឿង ដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥ចំណុះឲ្យក្រសួងព័ត៌មាន ។
ពិធីប្រគល់ និងទទួលម៉ូតូនេះធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ នាទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការផ្តល់ជូននូវម៉ូតូដល់បណ្តាអគ្គនាយកដ្ឋានទាំង ៥របស់ក្រសួងព័ត៌មាននាឱកាសនេះ គឺទុកសម្រាប់ជាមធ្យោបាយធ្វើដំណើរចុះបំពេញការងារបានទាន់ពេល និងជាលើកទឹកចិត្តចំពោះដល់មន្ត្រីដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចជូន អគ្គនាយកដ្ឋាននីមួយៗក្នុងក្របខណ្ឌក្រសួងព័ត៌មាន ។ ឯកឧត្តម រដ្ឋមន្ត្រី បានផ្តាំផ្ញើដល់មន្ត្រីដែលមានភារកិច្ចបំពេញការងារដោយប្រើប្រាស់មធ្យោបាយម៉ូតូនេះធ្វើដំណើរទៅវិញទៅមក ត្រូវជួយថែរក្សាឲ្យបានល្អ ដើម្បីការប្រើប្រាស់ជាផលប្រយោជន៍រួមបានយូរអង្វែង។
ម៉ូតូទាំង ១០គ្រឿងនេះត្រូវបានបែងចែកដល់អគ្គនាយកដ្ឋានទាំង ៥ចំណុះឲ្យក្រសួងព័ត៌មាន រួមមានអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា, អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា, អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា,អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍, អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ដោយក្នុង ១អគ្គនាយកដ្ឋាន ចំនួន ២គ្រឿង ៕