ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ “កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ” រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍកម្ពុជានាពេលអនាគត,

( ក្រចេះ )៖ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ថ្លែងថា កុមារតំណាងឱ្យធនធានមានសក្តានុពលរបស់ប្រទេសជាតិ ដែលនឹងត្រូវបន្តវេននាពេលអនាគត។ «ដូច្នេះយើងទាំងអស់ត្រូវចូលរួមផ្តល់ក្តីស្រឡាញ់ ភាពសប្បាយ រីករាយ និងក្តីសង្ឃឹមសម្រាប់កុមារទាំងអស់ដើម្បីពួកគេក្លាយខ្លួនជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ កុមារកម្ពុជាទទួលបានភាពសុខសាន្ត និងការបីបាច់ថែក្សា ដោយក្តីអាណិតស្រលាញ់គ្រប់ៗគ្នា»។

ការថ្លែងនូវចំណុចសំខាន់ៗខាងលើនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងលោកជំទាវ ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន អញ្ជើញចែកអំណោយរបស់អង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ រួមមានកាតាប សម្ភារៈសិក្សា នំ និងភេសជ្ជៈជូនដល់ក្មួយៗសិស្សានុសិស្សប្រមាណជាង ៤០០នាក់ ស្ថិតក្នុងសាលាបឋមសិក្សាព្រះគ្រូគឹមឯម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា ២០២៥ ក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និងខួបលើកទី២៤ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា ក្រោមប្រធានបទ «លើកកម្ពស់ការងារ សមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវាក់ផលិតកម្ម ដើម្បីធានា កំណើនប្រកបដោយចីរភាព និងភាពធន់»។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក Kevin Lyon អគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូស បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអនុវត្តយ៉ាងពេញលេញនិងមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការលើកកម្ពស់សិទ្ធិនិងឧត្តមប្រយោជន៍របស់កុមារ ដោយធ្វើឱ្យកុមារ ក្រុមគ្រួសារ និងសហគមន៍ ទទួលបាននូវគុណភាពនិងគុណតម្លៃនៃការរស់នៅ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាពស្របតាមរដ្ឋធម្មនុញ្ញ និងគោលការណ៍នីតិរដ្ឋ តាមរយៈការចូលរួមយ៉ាងសកម្មពេញលេញស្មើភាពគ្នាក្នុងការអភិវឌ្ឍគ្រប់វិស័យនិងគ្រប់កម្រិត។ រាជរដ្ឋាភិបាល យកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានារបស់កុមារ ជាពិសេសការបង្ការទប់ស្កាត់និងឆ្លើយតបចំពោះអំពើហិង្សាលើកុមារ ពលកម្មកុមារ សុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ។ ដូច្នេះការដែល ថ្នាក់ដឹកនាំ មន្ត្រីនៃក្រសួងព័ត៌មាន និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ នាំយកនូវអំណោយជាសម្ភារៈសិក្សាមកចែកជូនដល់ក្មួយៗសិស្សានុសិស្សនាឱកាសទិវាកុមារអន្តរជាតិ ១មិថុនា គឺចង់ឃើញនូវស្នាមញញឹមរបស់កុមារា កុមារី ដែលជាស្នាមញញឹមរបស់មាតា បិតានិងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កុមារតូចៗទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្រេបចំណេះដឹង ពីលោកគ្រូអ្នកគ្រូ និងធ្វើជាកូនល្អ សិស្សល្អ និងពលរដ្ឋល្អ សម្រាប់ក្រុមគ្រួសារ និសង្គមជាតិ ។ ឯកឧត្តម បានជូនពរកូនៗ ក្មួយៗកុមារា កុមារីទាំងអស់ទទួលបាន នូវសុខភាពល្អ ប្រាជ្ញាវៀងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លោក Kevin Lyon បានជម្រាបជូនថា ក្នុងរយៈពេល ៣ឆ្នាំកន្លងមកនេះ អង្គការមូលនិធិ វ័នរ៉ូជ តែងតែប្រកាន់ភ្ជាប់នូងគោលការណ៍មួយគឺ “ធ្វើអំពើល្អជារៀងរាល់ខែ” ដោយអនុវត្តសកម្មភាពសប្បុរសធម៌មួយនេះ គ្រប់បណ្តាខេត្តនៅក្នុងប្រទេសកម្ពុជា។ មកដល់ពេលនេះ អង្គការ វ័នរ៉ូដ បានឧបត្ថម្ភ កាតាបសិក្សាចំនួនជាង ១៥,០០០កាតាប, តុប៉េងប៉ុងចំនួន ៨២, តារាងបាល់ទាត់ចំនួន ៤៥ និងបាល់ទាត់ បាល់ទះ ជាច្រើនប្រភេទទៀត។ សម្ភារៈទាំងនេះ អាចធ្វើឱ្យកុមារមានសម្ភារៈសិក្សារថ្មី ដើម្បីចាប់ផ្តើមដំណើរចំណេះដឹងរបស់ពួកគេ និងជួយអភិវឌ្ឍកីឡានៅក្នុងសាលារៀន។ បន្ថែមពីនេះ អង្គការ វ័នរ៉ូដ ក៏បានជួយឧបថម្ភកាអណ្តូងទឹកចំនួន ៣៩ អណ្តូង និងដំឡើង អំពូលភ្លើងសូឡាចំនួន ៨០ ដើមដល់សាលារៀនផងដែរ ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនប្រចាំថ្ងៃ។
សម្រាប់អំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្ស សាលាបឋមសិក្សាព្រះគ្រូគឹមឯម ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ នាឱកាសនេះរួម កាតាប ១ ដបដាក់ទឹក ១ រួមទាំង នំ និងសម្ភារៈសិក្សាជាច្រើនមុខទៀត ។ ជាមួយនេះ ក៏បានផ្តល់ជូនបាល់ទាត់ និងអាវកីឡា ៣០០កំប្លេរ ផងដែរ ៕