ឯកឧត្តម រដ្ឋមន្ត្រី ថ្លែងថា ក្រសួងព័ត៌មានបាននឹងកំពុងជំរុញការអភិវឌ្ឍក្នុងបរិបទឌីជីថល និងបញ្ញាសប្បនិម្មិត ដោយចាប់ផ្តើមពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍តាមប្រព័ន្ធ ឌីជីថល បន្ទាប់មកគឺវិទ្យុ និង AKP

សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ ក្រសួងព័ត៌មាន បានបង្កើតកម្មវិធី អភិវឌ្ឍន៍ការផ្សាយក្នុងប្រព័ន្ធឌីជីថល ដោយស្វែងរកដៃគូជំនួយទាំងផ្នែក hardware និង software, សម្រាប់ការអភិវឌ្ឍវិទ្យុវិញ ក្រសួងកំពុងសិក្សាលទ្ធភាពពង្រីកស្ថានីយផ្សាយនៅតំបន់មួយចំនួន,

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ដែលធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី១៩ ដល់ទី២១ ខែមករា ឆ្នាំ២០២៦ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យរបស់ខ្លួនឱ្យក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីគ្រប់គ្រងលំហព័ត៌មាន ធានានូវសន្តិសុខព័ត៌មាន និងសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីសម្រេចបានចក្ខុវិស័យនេះ ក្រសួងព័ត៌មាន បានដាក់ចេញនូវទិសដៅយុទ្ធសាស្រ្តចំនួន៥ ស្របទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និង យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលរួមមាន៖ (១) ការធ្វើទំនើបកម្មស្ថាប័ននិងកសាងរដ្ឋបាលទំនើប តាមយៈការកែទម្រង់ការគ្រប់គ្រងនិងដំណើរការការងាររដ្ឋបាល ដើម្បីធានាប្រសិទ្ធភាព និងគុណភាព ការងារ (២) កំណត់បទដ្ឋានច្បាប់/គតិយុត្ត និងបទដ្ឋានបច្ចេកទេស ព្រមទាំងប្រព័ន្ធវាយតម្លៃការងារ (៣) ការកសាង និងអភិវឌ្ឍន៍សមត្ថភាពជំនាញគ្រប់គ្រង ដឹកនាំ និងជំនាញបច្ចេកទេស (៤) គ្រប់គ្រងលំហ ព័ត៌មានឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាពដោយផ្អែកលើមូលដ្ឋាននៃការផ្តល់ព័ត៌មានទូលំទូលាយនិងទាន់ សភាពការណ៍ប្រកបដោយគុណភាពនិងសុវត្ថិភាព និង (៥) លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងភាពជា ដៃគូ ក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគីដើម្បីផលប្រយោជន៍រួម។ 

ទន្ទឹមនេះដែរ ក្រសួង បាននឹងកំពុងជំរុញ និងលើកកម្ពស់ការគោរពសិទ្ធិសេរីភាពសារព័ត៌មាន សិទ្ធិក្នុងការបញ្ចេញមតិ និងសិទ្ធិក្នុងការទទួលបានព័ត៌មានក្នុងចំណោមប្រតិបត្តិករព័ត៌មាន អ្នកសារព័ត៌មាន អ្នកផលិតមាតិកា និងអ្នកពាក់ព័ន្ធ ក្នុងបុព្វហេតុ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម៕