ឯកឧត្តម រដ្ឋមន្ត្រី ជា សុមេធី និងលោកជំទាវ ជា ផល្គុន ព្រមទាំងថ្នាក់ដឹកនាំ អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាល នៅមន្ទីរពេទ្យយោធភូមិភាគទី៤

នារសៀលថ្ងៃសុក្រ ទី៨ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជា សុមេធី ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួង ស.អ.យ បានចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យយោធភូមិភាគទី៤ ស្ថិតនៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប។ 

ឯកឧត្តម ជា សុមេធី មានប្រសាសន៍ដែរថា យើងខ្ញុំទាំងអស់គ្នា សូមសំដែងនូវការដឹងគុណ និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនវីរកងទ័ពកម្ពុជា ដែលបានតស៊ូប្រយុទ្ធការពារ ពីការឈ្លានពានរបស់ខ្មាំងសត្រូវ។

ឯកឧត្តម រដ្ឋមន្ត្រី សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយប្រោះព្រំសព្ទសាធុការពរជ័យជូនចំពោះវីរកងទ័ព សូមបានឆាប់ជាសះស្បើយ មានសុខភាពល្អ ដើម្បីជាសសរទ្រូងការពារជាតិ។

ឯកឧត្តម ជា សុមេធី សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាជាសប្បុរសជនទាំងអស់ ដែលបានឧបត្ថម្ភជាសម្ភារៈប្រើប្រាស់ និងថវិកាផ្ទាល់ខ្លួន ចូលរួមជាមួយក្រសួង ស.អ.យ. ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តប្រពៃថ្លៃថ្លារបស់ប្រជាជនខ្មែរ។