ឯកឧត្តម រដ្ឋមន្ត្រីព័ត៌មាន អរគុណបងប្អូនប្រជាពលរដ្ឋដែលជឿជាក់ និងទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងការទូត
(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងនូវការអរគុណដល់ប្រជាពលរដ្ឋដែលផ្តល់នូវការជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយរាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តឈរយ៉ាងរឹងមាំ មិនធ្វេសប្រហែសម្ដងណាឡើយ ហើយបានប្រឹងប្រែងធ្វើកិច្ចការងារយ៉ាងសកម្មដើម្បីធ្វើយ៉ាងណាក្នុងការការពារបូរណភាពទឹកដី និងអធិបតេយ្យភាពកម្ពុជា ដោយឈរលើគោលការណ៍ច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា និងផ្លូវការទូត។
ការថ្លែងអំណរគុណរបស់ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ ជូនដល់ប្រជាពលរដ្ឋចំនួន ២,៣៤០គ្រួសារ ស្មើ ៣,៨២០បណ្ណ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ នាបរិវេណវត្តមុនីសាគរ ហៅវត្តដងក្តោង ស្ថិតនៅភូមិដងក្តោង ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុងឃុំពង្រ ក៏ដូចជានៅទូទាំងស្រុកឆ្លូង ខេត្តក្រចេះ ដោយក្តីនឹករលឹក។
ជាថ្មីម្តងទៀត ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានគូសបញ្ជាក់ សូមឱ្យបងប្អូនទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី យើងមានសម្តេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ដែលបានដឹកនាំប្រទេស និងការពារប្រទេសពីការឈ្លានពានពីប្រទេសជិតខាង នៅក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ ប្រទេសកម្ពុជាត្រូវទទួលរងនូវការឈ្លានពានពីប្រទេសថៃ មូលហេតុនៃការឈ្លានពាន គឺភាគីថៃប្រើប្រាស់ផែនទីឯកតោភាគី ដើម្បីយកដីកម្ពុជា ដោយអត់ប្រើប្រាស់ផែនទីបន្សល់ពីសម័យបារាំង ដែលទទួលស្គាល់ដោយអន្តរជាតិនោះទេ។
នៅក្នុងពេលកន្លងមកនេះ កងកម្លាំងរបស់កម្ពុជាគ្រប់ប្រភេទ បានតស៊ូប្រយុទ្ធប្រឆាំងលះបង់គ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា។ បន្ទាប់ពីបទឈប់បាញ់យោធាថៃ បានរំលោភលើកិច្ចព្រមព្រៀងដែលភាគីទាំងពីរបានឯកភាពគ្នា ដោយថៃបានរុលចូលកាន់កាប់ទឹកដីកម្ពុជានៅតាមទីតាំងមួយចំនួន ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសយ៉ាងដាច់អហង្កាមិនទទួលស្គាល់ការចូលកាន់កាប់ដោយខុសច្បាប់ជាដាច់ខាត។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនដែលបោះបង់សិទ្ធិក្នុងការទាមទារទឹកដីដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃនោះឡើយ។ក្នុងន័យនេះ ថ្នាក់ដឹកនាំកម្ពុជាក្នុងនោះមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងតស៊ូគ្រប់សមរភូមិដើម្បីការពារជាតិ និងប្រជាជន។ ចំពោះការមិនបោះបង់ចោលសិទ្ធិទាមទារនេះ គឺជាសិទ្ធិស្របច្បាប់របស់កម្ពុជា ហើយស្របទៅតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា អនុសញ្ញា ហើយប្រមយខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងទាំងយប់ ទាំងថ្ងៃ ក្នុងកិច្ចការពារទឹកដី គ្រប់ពេលវេលាទាំងអស់ ហើយកន្លែងដែលកម្ពុជា បាត់បង់ និងស្ថិតនៅក្រោមការគ្រប់គ្រងដោយខុសច្បាប់របស់យោធាថៃ គឺគ្មានកន្លែងណាមួយដែលគ្មានដំណក់ឈាមរបស់វីរកងទ័ព និងវីរនគរបាលកម្ពុជានោះទេ។
«កម្ពុជា បានប្រើប្រាស់គ្រប់លទ្ធភាព ដើម្បីការពារទឹកដី ហើយរហូតមកដល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់សមរភូមិការទូត និងសមរភូមិច្បាប់ ដើម្បីទាមទារទឹកដីរបស់យើងត្រឡប់មកវិញ ហើយបានប្រើប្រាស់វិធីសាស្ត្រសន្តិវិធី និងសនិ្តភាពដោយមិនចង់ឱ្យមានការបង្ហូរឈាមឡើយ»។
នៅក្នុងដំណាក់កាលនៃការឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា លើកទី២ បានបង្កឱ្យប្រជាជនខ្មែរស្លូតត្រង់ជាង ៦៤ម៉ឺននាក់ បានក្លាយជាជនភៀសសឹក។ ត្រង់ចំណុចនេះហើយរាជរដ្ឋាភិបាល បានជ្រើសរើសយកភាពស្ងៀមស្ងាត់ តែមិននៅស្ងៀមនោះទេ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាព្រំដែន ដោយសន្តិវិធី និងតាមផ្លូវច្បាប់។
កម្ពុជាមិនដែលមានចេតនាណាមួយឈ្លានពានទៅលើប្រទេសជិតខាងម្តងណានោះឡើយ ហើយកម្ពុជា គឺចង់បានតែសេចក្តីសុខ សន្តិភាព និងមិត្តភាព ជាពិសេសកម្ពុជា មិនចង់បានភ្លើងសង្គ្រាមនោះទេ ពីព្រោះអតីតកាលកម្ពុជា បានជួបប្រទះនឹងភ្លើងសង្គ្រាមជិត ៣ទសវត្សរ៍ បណ្តាលឱ្យប្រជាជននិរាស្តព្រាត់ប្រាស់ បែកបាក់ ប្តី ប្រពន្ធ សាច់ញាតិជាដើម៕



