ឯកឧត្តម យង់ សុវឌ្ឍនា  : គណៈគ្រប់គ្រងសាលាគឺជាមេបញ្ជាការដែលត្រូវគ្រប់គ្រងនិងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ថែទាំសុខភាពយុវជន

ខេត្តតាកែវ : ឯកឧត្តម យង់ សុវឌ្ឍនា អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តតាកែវ ថ្លែងបែបនេះក្នុងឱកាសដែលលោកចូលជាអធិបតីបើកសិក្ខាសាលាលើកកម្ពស់ចំណេះដឹងពីបញ្ហាគ្រឿងញៀននិង App NoDrug ដល់គណៈគ្រប់គ្រងកម្រិតមធ្យមសិក្សាក្នុងវិស័យអប់រំទូទាំងខេត្តតាកែវ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦។

លោក ញឹម យុទ្ធា អនុប្រធានមន្ទីរ អប់រំ យុវជនកីឡាខេត្តតាកែវបានមានប្រសាសន៍ថា គ្រឹះស្ថានសិក្សាទាំងរដ្ឋនិងឯកជនទូទាំងខេត្តតាកែវមានសរុបចំនួនជាង៥០០គ្រឹះស្ថានដែលមានអ្នកសិក្សាសរុបចំនួនជាង២២ម៉ឺននាក់ហើយគណៈគ្រប់គ្រងសាលាទាំងអស់បានយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន។

ក្នុងនាម ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ  អគ្គលេខាធិការក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួតប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានពាំនាំប្រសាសន៍ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្លែងនូវការកោតសរសើរ អរគុណដល់គ្រប់សមាសភាពទាំងអស់នៅខេត្តតាកែវដែលបានចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀនជារួមនិយាយដោយឡែកក្នុងវិស័យអប់រំដែលជាគោលដៅមួយសំខាន់ចាំបាច់ណាស់ រស់គ្រប់ក្រុមគ្រួសារគឺត្រូវតែមានសមាជិកទៅទទួលការសិក្សានៅក្នុងវិស័យនេះ ដូចនេះសូមលោកគ្រូអ្នកគ្រូជួយបញ្ជ្រាបតាមរយៈសិស្សឲ្យពាំនាំព័ត៌មានពិតពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន និងអត្ថប្រយោជន៍កម្មវិធីទូរសព្ទNoDrug ពីសាលាចូលទៅក្រុមគ្រួសារ និងសហគមន៍។

ថ្លែងក្នុងនាមរដ្ឋបាលខេត្តតាកែវ ក្នុងឱកាសនោះដែរ ឯកឧត្តមយង់ សុវឌ្ឍនា បានមានប្រសាសន៍ថា គណៈគ្រប់គ្រងសាលាគឺជាមេបញ្ជាការដែលត្រូវគ្រប់គ្រងនិងបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀន ដើម្បីថែទាំសុខភាពយុវជនដែលជា ធនធានមនុស្សពោរពេញឱ្យមានសុខភាពល្អប្រែក្លាយទៅជាមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិឲ្យទទួលបានការរីកចម្រើនកាន់តែឆាប់រហ័ស នឹងបានសំណូមពរទៅដល់គណៈគ្រប់គ្រងសាលាទាំងអស់ឲ្យជួយផ្សព្វផ្សាយបន្តនូវចំណេះដឹងពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនក៏ដូចជាអត្ថប្រយោជន៍App NoDrug ឲ្យបានកាន់តែទូលំទូលាយ ដើម្បីបង្ការទប់ស្កាត់និងកាត់ផ្ដាច់ឬសគល់នៃបញ្ហាគ្រឿងញៀននៅក្នុងសហគមន៍។