ឯកឧត្តម ម៉ាង ស៊ីណេត ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាស្ពាន និងជាវេទិកាបង្កើតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ

ព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត ភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ទូ សៀវកាង (Du Xiao Gang) ប្រធានលេខាបក្សក្រុងអ៊ូស៊ី បាន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងទីក្រុងអ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយមានការចូល រួមពីធុរជន និងអ្នកវិនិយោគិនប្រមាណ ជាង ៨០នាក់ មកពី ៣០ក្រុមហ៊ុន។
ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានថ្លែងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាស្ពាន និងជាវេទិកាបង្កើតទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងសុខាភិបាលរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ទីក្រុងអ៊ូស៊ីប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។ ម៉្យាងវិញទៀតសម្តេចតេជោ ហ៊ុន សែន តែងតែមានប្រសាសន៍លើកឡើងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ គឺជាកូនដែលសម្តេច និងឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង ជាអ្នកបង្កើតឡើង។ កិច្ចប្រជុំនាពេលនេះបានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការបន្តពូនជ្រុំលើកកម្ពស់ទំនាក់ទំនងមិត្តភាពជា «មិត្តដែកថែប ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មី» ដែលជាលទ្ធផល នៃភាពស៊ីសង្វាក់គ្នារវាងយុទ្ធសាស្ត្រចតុកោណ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធិសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» របស់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលប្រទេសទាំងពីរបានប្ដេជ្ញាគាំទ្រគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង ក្នុងការការពារអធិបតេយ្យ សន្តិសុខ និងផលប្រយោជន៍ អភិវឌ្ឍរួមទាំងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនកាន់តែទូលំទូលាយ កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ជាពិសេសភាគីទាំង ពីរនឹងបន្តជំរុញក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន និងពន្លឿនការកសាង «ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា» និង «ច្រករបៀងមច្ឆា និងអង្ករ»។
ឯកឧត្តម បានបន្តថា កិច្ចប្រជុំផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទីក្រុង អ៊ូស៊ី និងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាពេលនេះប្រព្រឹត្តទៅដោយរលូន និងប្រកបដោយផ្លែផ្កា ហើយបេសកកម្មរបស់រដ្ឋបាលខេត្តព្រះសីហនុ គឺ ១. «ភាពជោគជ័យរបស់លោកអ្នក គឺជាភាពរីករាយរបស់យើងខ្ញុំ» ២. «សូមរួមគ្នាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ឈានឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា» ក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ និងសុខាភិបាលរវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ូ ទទួលបានលទ្ធផលផ្លែផ្កា។