ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ជួបពិភាក្សាការងារជាមួយក្រុមអ្នក ជំនាញជប៉ុន (OCDI) ដើម្បី ពន្លឿនផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលកំពង់ផែ និងភស្តុភារកម្ម (Logistics Hub) ដ៏ទំនើបក្នុងតំបន់

នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជួបពិភាក្សាការងារជាមួយក្រុមអ្នកជំនាញជប៉ុន (OCDI) ដើម្បីពន្លឿនផែនការមេប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលកំពង់ផែ និងភស្តុភារកម្ម (Logistics Hub) ដ៏ទំនើបក្នុងតំបន់។

ចំណុចសំខាន់ៗនៃកិច្ចពិភាក្សាគឺផ្តោតទៅលើ

១• សន្ទុះកំណើនទំនិញ៖ បរិមាណកុងតឺន័របានកើនឡើងដល់ ១.៣លាន TEU ក្នុងឆ្នាំ២០២៥ ហើយត្រូវបានព្យាករថានឹងបន្តកើនឡើងលើសសមត្ថភាពកំពង់ផែនៅចុងទសវត្សរ៍ឆ្នាំ២០៣០ ដែលទាមទារឱ្យមានការសាងសង់ស្ថានីយថ្មី (NCT) ជាបន្តបន្ទាប់។

២• ការអភិវឌ្ឍបៃតង៖ គម្រោងនេះនឹងផ្តោតសំខាន់លើ “អព្យាក្រឹតកាបូន” ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងការប្រើប្រាស់ថាមពលស្អាត ស្របតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស។

៣• យុទ្ធសាស្ត្រតំបន់សេដ្ឋកិច្ចគំរូ៖ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ពីការបែងចែកខេត្តជា ៤តំបន់ស្នូល៖

-តំបន់ឧស្សាហកម្ម និងភស្តុភារកម្ម

-ទីក្រុងសមាហរណកម្ម

-តំបន់ទេសចរណ៍កោះ

-តំបន់កសិឧស្សាហកម្ម។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្ត ក៏បានស្នើឱ្យភាគីជប៉ុនជួយអភិវឌ្ឍកំពង់ផែនេះឱ្យកាន់តែធំ និងកាន់តែទំនើបដើម្បីទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរឱ្យកាន់តែច្រើនមកកាន់កម្ពុជា។

សម្រួលអត្ថបទ: ម៉ារ៉ាឌី