ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីបើក «វេទិកាសហប្រតិបត្តិការ RCEP លើកទី៣» នៅខេត្តអានហួយ ប្រទេសចិន

ខេត្តអានហួយ៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាកំណត់ក្នុងពិធីបើកជាផ្លូវការនៃ «វេទិកាសហប្រតិបត្តិការរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងទីក្រុងសម្ព័ន្ធមេត្រីភាព RCEP លើកទី៣» (The 3rd RCEP Local Governments and Friendship Cities Cooperation Forum) ដែលប្រារព្ធឡើងនៅទីក្រុងហ័ងសាន ខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន។

វេទិកាកម្រិតតំបន់ដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទចម្បង៖ «សហប្រតិបត្តិការក្នុងតំបន់ និងការអភិវឌ្ឍរួមគ្នា»។

កម្មវិធីនេះដើរតួនាទីជាកាតាលីករយ៉ាងសំខាន់ក្នុងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ រួមមាន ការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ បង្កើនភាពរលូន និងប្រសិទ្ធភាពនៃលំហូរពាណិជ្ជកម្ម ឧស្សាហកម្មបៃតង ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចដែលគិតគូរដល់បរិស្ថាន និងការទូតថ្នាក់ក្រោមជាតិ រឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការផ្ទាល់រវាងរដ្ឋបាលខេត្ត-ក្រុង ក្នុងតំបន់។

ការជំរុញរបៀបវារៈទាំងនេះ គឺដើម្បីនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចពិតប្រាកដ ការរីកចម្រើនទៅមុខ និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់ប្រជាជននៅក្នុងតំបន់នៃកិច្ចព្រមព្រៀង RCEP ទាំងមូល។

ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីតួនាទីយ៉ាងសកម្មរបស់ខេត្តព្រះសីហនុ ក្នុងការតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការទូតនៅលើឆាកអន្តរជាតិផងដែរ៕