ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្ត ស.ស.យ.ក ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ខេត្តព្រះសីហនុ៖ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចូលរួមជាអធិបតីក្នុងព្រឹត្តិការណ៍ “សង្ក្រាន្ត ស.ស.យ.ក” ដែលជាកិច្ចសហការរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ជាមួយរដ្ឋបាលក្រុងព្រះសីហនុ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងយ៉ាងអធិកអធម ក្នុងគោលបំណង អបអរសាទរមហាសង្ក្រាន្តឆ្នាំថ្មី៖ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ គ.ស. ២០២៦ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ។
ព្រមទាំងលើកកម្ពស់វប្បធម៌ជាតិ តាមរយៈការលេងល្បែងប្រជាប្រិយខ្មែរ ការរាំកម្សាន្ត និងការបង្ហាញពីទំនៀមទម្លាប់ដ៏ល្អប្រពៃណីរបស់ជាតិ និងជូនដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តក្នុងខេត្តព្រះសីហនុ នាឱកាសបុណ្យចូលឆ្នាំថ្មី។
វត្តមានរបស់ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ នាឱកាសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងការគាំទ្រយ៉ាងពេញទំហឹងចំពោះសកម្មភាពយុវជន ក៏ដូចជាការផ្តល់នូវភាពកក់ក្តៅដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការចូលរួមអបអរសាទរពិធីបុណ្យជាតិដ៏ធំមួយនេះ ក្រោមម្លប់នៃសន្តិភាព៕



