ឯកឧត្តម ម៉ាង ស៊ីណេត ផ្តាំផ្ញើដល់ លោកអភិបាល អភិបាលរងក្រុងកោះរ៉ុង ត្រូវបន្តដឹកនាំអនុវត្តភារកិច្ចទទួលបានជោគជ័យ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល!

ព្រឹកថ្ងៃអង្គារទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាល អភិបាលរង នៃគណ:អភិបាលក្រុងកោះរ៉ុង ដែលប្រារព្ធធ្វើឡើង នៅរីសត you &me ស្ថិតនៅភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្នុងនោះ លោក រាជ សុវណ្ណ ជាអភិបាល នៃគណ:អភិបាលក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងលោក ណាំ វិសាល ជាអភិបាលរង នៃគណ:អភិបាលក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការផ្តាំផ្ញើដល់លោកអភិបាល អភិបាលរង នៃគណៈអភិបាលក្រុងកោះរ៉ុង ត្រូវបន្តដឹកនាំអនុវត្តភារកិច្ចទទួលបានជោគជ័យ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល។ ត្រូវប្រើជំនាញបច្ចេកទេស ដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងក្រុងកោះរ៉ុង ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទក និងមានការគោរពស្រលាញ់ពីមន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋ។

ឯកឧត្តម បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ត្រូវសហការជា មួយក្រសួង ស្ថាប័ន មន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីការពារនឹងទប់ស្កាត់ឱ្យបានដាច់ខាតរាល់ការកាប់បំផ្លាញ និងទន្ទ្រានកាន់កាប់ដីព្រៃខុសច្បាប់ គណៈ បញ្ជាការឯកភាពក្រុង ត្រូវគ្រប់គ្រង់ដីចំណីឆ្នេរឱ្យបានម៉ឺងម៉ាត់តាមប្លង់គោល រាល់ការសាងសង់ត្រូវមានលិខិតអនុញ្ញាតឱ្យបានត្រឹមត្រូវ គណៈបញ្ជាការឯកភាពក្រុង ត្រូវសហ ការជាមួយដៃគូរអភិវឌ្ឍន៍ក្នុងការរៀបចំសម្អាតបរិស្ថាន អនាម័យ និងសោភ័ណភាពតំបន់ឆ្នេរ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តកាន់តែច្រើន ជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិ ភាព» ដែលមានលក្ខណសម្បត្តិ ០៧យ៉ាង រួមមាន៖ ១-ផ្តល់សេវាសាធារណៈ ជាពិសេស សេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាព និងទទួលបានជំនឿទុកចិត្តចំពោះការិយាល័យច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង ត្រូវយកចិត្តទុក្ខដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌ វិជ្ជាជីវៈរបស់មន្ត្រីរបស់ខ្លួនក្នុងការ ធានាឱ្យប្រជាពលរដ្ឋទទួលសវាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព គណនេយ្យភាព ចំពោះថ្នាក់សង្កាត់ ត្រូវពង្រឹងតួអង្គស្នួលចំនួន៦ ដោយលើកកម្ពស់ការបម្រើសេវានានាជូនប្រជាពលរដ្ឋ ក្នុងនោះរួមមាន ចៅសង្កាត់ ស្មៀនសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ មណ្ឌលសុខភាពឬប៉ុស្តិ៍សុខភាព មេភូមិ និងនាយកសាលា រៀន។

២-គ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ

៣-មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍

៤-គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង

៥-ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកដោយគុណភាព និងប្រសិទ្ធភាព

៦-មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ

៧-ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវប្រកបដោយប្រសិទ្ធភាព។ដូច្នេះគណ:បញ្ជាការភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងគ្រប់គ្រងសភាពការណ៍តាមមូលដ្ឋាន ដើម្បីដាក់ចេញនូវវិធានការនានា សំដៅទប់ស្កាត់ឪ្យបានទាន់ពេលវេលានូវរាល់សកម្មភាពបទល្មើស និងការប៉ុនប៉ងបង្កភាពចលាចល ភាពវឹកវរ និងអសន្តិសុខសង្គម ចូលរួមការពារផលប្រយោជន៍សាធារណ: ផលប្រយោជន៍សហគមន៍ ។

លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាលក្រុងកោះរ៉ុងថ្មី បានធ្វើការប្តេជ្ញាចិត្ត ដោយគោរពប្រតិបត្តិតាមរដ្ឋ ធម្មនុញ្ញ ច្បាប់លិខិតបទដ្ឋាន ពិសេសច្បាប់ ស្តីពីការគ្រប់ គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ សំដៅធានាគុណភាព ប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាលសាធារណៈ និងកិច្ចអភិវឌ្ឍន៍មូលដ្ឋាន។

-អនុវត្តឱ្យបានម៉ឺងម៉ាត់ប្រកបដោយគណនេយ្យភាព

-ចូលរួមឱ្យបានយ៉ាងសកម្មការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

-ប្តេជ្ញាបន្តវប្បធម៌ បង្កើននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាមួយជួរថ្នាក់ដឹកនាំគ្រប់លំដាប់

-ប្តេជ្ញាខិតខំបម្រើរាជរដ្ឋាភិបាល ផ្តល់សេវាសាធារណៈជូនប្រជាជនប្រកបដោយតម្លាភាព ប្រសិទ្ធភាព

-រក្សាស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សង្គម

-ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ។