ឯកឧត្តម ម៉ាង ស៊ីណេត នាំយកអំណោយសម្តេចធិបតី និងលោកជំទាវប្រគល់ជូនមជ្ឈ មណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនក្នុង ស្រុកស្ទឹងហាវ
ព្រឹកថ្ងៃសៅរ៍ទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីប្រធានមន្ទីរ អង្គភាព និងសប្បុរសជន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី និងលោកជំទាវប្រគល់ជូនមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រ្មចិត្ត និងផ្អែកលើ សហគមន៍ នៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។
លោក កែវ វាសនា ប្រធានមជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ នៅឃុំកែវផុស បានជម្រាបជូន ស្តីពីវឌ្ឍនភាពការងាររបស់មជ្ឈមណ្ឌលសាងសង់លើផ្ទៃដីចំនួន ២០ហិចតា មានអគារចំនួន២៣ មានបន្ទប់ស្នាក់នៅជនរងគ្រោះសរុប ៧៧បន្ទប់។ ឆ្នាំ២០២៥ មជ្ឈមណ្ឌលទទួលជនរងគ្រោះសរុបចំនួន ២,២៦៣នាក់ ស្រី ១១២នាក់ បានធ្វើសមាហរណកម្មទៅគ្រួសារ និងសហគមន៍វិញមានចំនួន ២,០៦៣នាក់ ស្រី ៩៤នាក់ និងកំពុងសម្រាកព្យាបាល ១,៨៦៣នាក់ ស្រី ៨២នាក់ ។
លោក បានឲ្យដឹងបន្តថា មជ្ឈមណ្ឌលបានធ្វើការបណ្តុះបណ្តាលជំនាញមានដូចជា ១.ផ្នែកតបណ្តាញអគ្គីសនី ១៨០នាក់ ២.ផ្នែកជួសជុលបរិក្ខារត្រជាក់ ១២០នាក់ ៣.ផ្នែកជាងកាត់សក់ ៩០នាក់ ៤.ផ្នែកផ្សាអគ្គីសនី ៩០នាក់ ៥.ផ្នែកជាងជួសជុលម៉ូតូ ១២០នាក់ ៦.ផ្នែកជាងកំបោរ ១៨០នាក់ ៧.ផ្នែកសម្អាងកាយ ៦០នាក់ ៨.ផ្នែកកាត់ដេរ ៥៥នាក់ សរុបរួម ៨៩៥នាក់ ស្រី ១០៥នាក់ ។ លោកបានថ្លែងអំណរគុណ ឯកឧត្តម អភិបាលខេត្តព្រះសីហនុ និងគណៈប្រតិភូដែលបានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយសប្បុរសធម៌ជាគ្រឿងឧបភោគបរិភោគ និងថវិកាជូនមជ្ឈមណ្ឌល ដើម្បីផ្គត់ផ្គង់របបហូប ចុករបស់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនដែលកំពុងទទួលសេវាព្យាបាល ស្តារនីតិសម្បទា និងស្នាក់នៅក្នុងមជ្ឈមណ្ឌល ។
ឯកឧតត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ប្អូនៗដែលកំពុងស្នាក់នៅព្យាបាល និងស្ថានីតិសម្បទាអ្នកញៀនគ្រឿងញៀននៅក្នុងមជ្ឈមណ្ឌលសមគមន៍កែវផុស ស្រុកស្ទឹងហាវ ពួកយើងចង់ឱ្យប្អូនៗមានសេដ្ឋកិច្ចល្អ មានការងារល្អ មានលទ្ធភាពប្រកបមុខរបដោយខ្លួនឯង ព្រោះការអភិវឌ្ឍសេដ្ឋកិច្ចជាតិ វាផ្សារភ្ជាប់ជាមួយជីវភាពគ្រួសារ ការអភិវឌ្ឍគ្រួសារឱ្យមានការរីក ចម្រើន ហើយនេះជាមេរៀន បទពិសោធន៍មួយសម្រាប់យើងទាំងអស់គ្នា នៅពេលចេញទៅវិញសូមកុំមកកាន់ទីនេះម្តងទៀត ព្រោះឪពុកម្តាយគ្រប់រូបមិនចង់ឱ្យកូនចៅរបស់គាត់ មកនៅក្នុងមជ្ឈមណ្ឌលជាតិព្យាបាល និងស្តានិតិសម្បទាអ្នកញៀនគ្រឿងញៀននោះទេ តែនេះគឺជាវិធីល្អ ដែលយើងត្រូវពង្រឹងសមត្ថភាពខ្លួនយើង ព្រោះការប្រើប្រាស់គ្រឿងញៀននាំឱ្យបំផ្លាញអនាគតខ្លួនយើងតែប៉ុណ្ណោះ ទន្ទឹមនោះយើងមិនគួរបំផ្លាញខ្លួនឯងនោះទេ ហើយ ក៏ជាឱកាសនៃការចេញពីទីនេះ គឺមានគ្រប់ៗគ្នា យើងមិនចង់ឃើញ ប្អូនមកកាន់ទីនេះច្រើននោះទេ ការមកទីនេះច្រើន គឺជាការឈឺចាប់របស់ថ្នាក់ដឹកនាំគ្រប់រូប សូមកុំបំផ្លាញខ្លួនឯងឱ្យសោះ ព្រោះនៅខេត្តព្រះសីហនុរបស់យើងត្រូវការកម្លាំងពលកម្មជាច្រើន ១ ០០០នាក់ ចូលបំរើការងារនៅតាមរោងចក្រ សហគ្រាស ក្រៅពីរោងចក្រសហគ្រាស ខេត្តរបស់យើងនៅមានការងារជាច្រើនទៀត ដូចជាការងារសំណង់ និងសណ្ឋាគារជា ច្រើនកន្លែង យើងត្រូវធ្វើជាពលរដ្ឋល្អ កូនល្អ រស់នៅក្នុងសង្គមប្រកបដោយកិតិ្តយស និងសេចក្តីថ្លៃថ្នូរក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិឪ្យមានការរីកចម្រើន សង្ឃឹមថា ប្អូនៗនឹងចេញទៅវិញមានអនាគតល្អ មិនមកកាន់ទីនេះជាលើកទី២ ឬ ទី៣នោះទេ ។
ឯកឧតត្តម អភិបាលខេត្តបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យវែងឆ្ងាយ និងដាក់ ចេញនូវយុទ្ធសាស្ត្រសំខាន់ដោយផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដូច្នេះយុវជនយើងត្រូវមាន ចំណេះដឹង ចំណេះធ្វើ ជំនាញ និងបំណិនជីវិតប្រកបដោយគុណធម៌ ចរិយាធម៌។ រាជរដ្ឋាភិបាលក៏បានគិត គូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនរបស់យើងដែលជាទំពាំងស្នងឬស្សី ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ព្រមទាំងបានបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេស រដ្ឋាភិបាលក៏បានគិតគូរអំពីសុខមាលភាពរបស់ប្រជាពលរដ្ឋដោយបង្កើតឪ្យមានបណ្ណ ប.ស.ស បណ្ណសមធម៌ សម្រាប់មន្ត្រីរាជការ កម្មករ និយោជិតដែលបំរើការងារនៅតាមរោងចក្រ សហគ្រាស ហើយអ្វីទាំងអស់នេះ គឺបានមកពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ ម្យ៉ាងទៀតការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជាសសៃឈាម ក្នុងការដឹកជញ្ជូនឆ្លងកាត់នៅទូទាំងប្រទេស ព្រោះបើយើងមានផ្លូវ គឺយើងមានសង្ឃឹម ក្នុងការដឹកជញ្ជូនផលិតផលរបស់យើងទៅកាន់ទីផ្សារបានទាន់ពេលវេលា ។
ក្នុងឪកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវចំពោះក្មួយៗនៅទីនេះ ត្រូវតែបេជ្ញាចិត្តគ្រប់គ្នាផ្តាច់គ្រឿងញៀនឪ្យបានទាំងអស់គ្នា ហើយសង្ឃឹមថា ប្អូនៗនិងខិតខំបណ្តុះបណ្តាលនូវជំនាញបច្ចេកទេសមួយ ដើម្បីចិញ្ចឹមជីវិតបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ។
អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិតឧបត្ថម្ភជូនមជ្ឈមណ្ឌលជាតិព្យាបាលមានដូចជា អង្ករ ២៩តោន ត្រសក់ចាវ ២៤០ គីឡូក្រាម ទឹកត្រី ១៩០យួរ ទឹកស៊ីអ៊ីវ ១៩០យួរ មី ១៩០ កេស សាច់ជ្រូក ៣ក្បាល ស្មើ ៩០០គីឡូ និងថវិកា ១០លាន រៀល ។ ដោយឡែកមណ្ឌលសំចតបណ្តោះអាសន្ន ទទួលបានអង្ករ ១តោន ទឹកស៊ីអុីវ១០យួរ ទឹកត្រី ១០យួរ មី ១០កេសតូច ត្រសក់ចាវ ១០គីឡូក្រាម ។



