ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំប្រតិភូ ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្តេចធិបតី ជូនកងទ័ពជួរមុខទិសឧត្តមានជ័យ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូ ចុះសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៤ ស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ។
ក្នុងឱកាសនោះ លោក សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ បានធ្វើរបាយការណ៍សង្ខេបជូនគណៈប្រតិភូអំពីស្ថានភាពសន្តិសុខតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាពិសេសទិសដៅប្រាសាទតាមាន់។ លោកបានបញ្ជាក់ថា កម្លាំងអន្តរាគមន៍បាននិងកំពុងឈរជើងយ៉ាងរឹងមាំតាមគោលដៅយុទ្ធសាស្ត្រ ដើម្បីការពារបូរណភាពទឹកដី និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
ឯកឧត្តម ម៉ាង ស៊ីណេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្មារតីលះបង់ខ្ពស់របស់កងទ័ពជួរមុខ ដែលបានយកជីវិតមកការពារជាតិមាតុភូមិ។ ឯកឧត្តមបានលើកឡើងនូវចំណុចសំខាន់ៗ ដូចជា ការរក្សាសន្តិភាព ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន និងបន្តដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាសម្រេចបាននូវសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះ។ រដ្ឋបាលខេត្តព្រះសីហនុ ក្នុងនាមសមរភូមិក្រោយ ប្តេជ្ញាខិតខំពង្រឹងសេដ្ឋកិច្ច ដើម្បីជួយគាំទ្រដល់សមរភូមិមុខ ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។ ចក្ខុវិស័យជាតិ ការរួមគ្នារក្សាសន្តិភាព គឺជាគ្រឹះដើម្បីសម្រេចបាននូវគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តមបានមានប្រសាសន៍បន្តរទៀតថា “កម្លាំងជួរមុខរបស់យើងបានយកអាយុជីវិត និងសាច់ស្រស់ឈាមស្រស់មកការពារទឹកដី។ យើងទាំងអស់គ្នាត្រូវរួមគ្នាអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីការពារឯករាជ្យជាតិឱ្យបាន ១០០ភាគរយ”
ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ជូនកងពលតូចអន្តរាគមន៍លេខ៤ រួមមាន គ្រឿងឧបភោគ បរិភោគ ថ្នាំពេទ្យ សម្ភារៈប្រើប្រាស់សរុបចំនួន ២៥មុខ និងថវិកាឧបត្ថម្ភ ចំនួន ៤០លានរៀល។
មុននឹងបញ្ចប់ ឯកឧត្តមបានជូនពរដល់មេបញ្ជាការ និងពលទាហានទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការពារជាតិមាតុភូមិ៕
សម្រួលអត្ថបទ : ស្រីមុំ