ឯកឧត្តម ម៉ាង ស៊ីណេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន ២០គ្រួសារ និងចែកកូនឈើហូបផ្លែ ដើម្បីជួយបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ

នៅព្រឹកថ្ងៃអាទិត្យទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណ:អភិបាល ខេត្តព្រះសីហនុ បានជួបសំណេះ សំណាល និងចែកកូនឈើហូបផ្លែជូនអតីតយុទ្ធជនដែលបានទទួលផ្ទះ និងដីសម្បទាសង្គមកិច្ចពីរាជរដ្ឋាភិបាលពីពេលថ្មីៗកន្លងមក ដែលមានទីតាំងស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ឯកឧត្តម អភិបាលខេត្ត បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុកទុក្ខ និងសេចក្តីនឹករលឹកជូនចំពោះបងប្អូនអតីតយុទ្ធជនរបស់យើងទាំង អស់គ្នា ដែលបានលះបង់កម្លាំងកាយ ចិត្ត សាច់ស្រស់ ឈាមស្រស់ក្នុងការចូលរួមការពារបូរណភាពទឹកដី ការពារខឿនឯករាជ្យ និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋ ដោយមើលឃើញពីការលះបង់របស់បង ប្អូនអតីតយុទ្ធជនរបស់យើង ទើបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្បុជា បានយកចិត្តទុក គិតគូរអំពីសុខទុក្ខបងប្អូនអតីតយុទ្ធជនដែលមានជីវភាពលំបាន ខ្វះខាត និងបានធ្វើការសាងសង់ផ្ទះ និងប្រគល់ដីសង្គមកិច្ចរៀបចំជាហេដ្ឋារចសម្ព័ន្ធមានដូចជាទឹក ភ្លើងជូនដល់អតីតយុទ្ធជននាពេលនេះ ព្រោះការរៀបចំសាង សង់ផ្ទះ និងដីសង្គមកិច្ចត្រូវមានហេដ្ឋារចនាសម្ព័ន្ធបង្កើតជាសហគមន៍។ ក្រៅពីការសាងសង់ផ្ទះ និងធ្វើការចែកជូនអតីតយុទ្ធជនរួចរាល់ហើយ ឯកឧត្តម អភិបាលខេត្ត ក៏បានរៀបចំបន្ទប់ផ្នែកខាងក្រោមផ្ទះជូនពួកគាត់បន្ថែមទៀត ព្រោះដោយសារមើល ឃើញថា ពួកគាត់ខ្លះជាជនពិការ ពិបាកក្នុងការឡើងចុះ ទើបរៀបចំបន្ទប់ខាងក្រោមឪ្យកាន់តែមានភាពងាយស្រួល។ ទន្ទឹមនឹងបានផ្ទះ និងដីសម្បទាសង្គមកិច្ចនាពេលកន្លងមក ពេលនេះ ឯកឧត្តម អភិបាលខេត្ត និងក្រុមការងារបាននាំយកកូនឈើមានដូចជា ដូង ខ្នុរ មៀន និងដើមស្អំយកមកចែកជូនដល់អតីតយុទ្ធជនរបស់យើងធ្វើ ការដាំដុះនូវដំណាំហូបផ្លែ និងបន្លែនៅជុំវិញផ្ទះ ដើម្បីបង្កើនជីវភាពកាន់តែល្អប្រសើរឡើង ដូច្នេះចូលបងប្អូនត្រូវខិតខំដាំដុះដំណាំ និងចិញ្ចឹកសត្វនៅជុំវិញផ្ទះ ហើយរាល់បន្លែ ផ្លែឈើរបស់សហគមអតីតយុទ្ធជនដែលប្រមូលផលបានអាចយកទៅលក់នៅលើទីផ្សារក្នុងស្រុក និងក្នុងខេត្ត ព្រោះមានម្ចាស់ផ្សារមួយចំនួនពួកគាត់នឹងសន្យាទទួលយកដាក់លក់ក្នុងទីផ្សាររបស់ពួកគាត់ ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានចែកកូនឈើជូនគ្រួសារអតីតយុទ្ធជនចំនួន ២០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ដូង ១០ដើម កូនសៅម៉ាវ ១០ដើម កូនខ្នុរ ១០ដើម និងដើមស្អំ ១០០ដើម ៕