ឯកឧត្តម ផាន់ វណ្ណរ័ត្ន ៖ ការរៀបចំធ្វើជាម្ចាស់ផ្ទះ តេក្វាន់ដូ ITF ជើងឯកអាស៊ាន ដើម្បីប្រជែងមេដាយ និងជាការបង្ហាញសិល្ប: វប្បធម៌ដ៏ល្អផូរផង់ និងទាក់ទាញទេសចរ

ឯកឧត្តម ផាន់ វណ្ណរ័ត្ន  អនុប្រធានទី១ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា កក្តា ដែលកម្ពុជាទទួលរៀបចំ ធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ជាលើកទី២ ឆ្នាំ២០២៥ ក្រៅពីការប្រកួតប្រជែង មេដាយ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាពមិត្ត ក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្ហាញពីសិល្ប: វប្បធម៌ដ៏ល្អផូរផងរបស់ជាតិ ព្រមទាំងស្រូបទាញទេសចរ តាមរយៈអត្តពលិកអន្តរជាតិមកចូលរួមផងដែរ។

ការលើកឡើងរបស់ ឯឧត្តម អនុប្រធានទី១ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ស្តីពីការធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ពីថ្ងៃទី២៧-៣០ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក។

ឯកឧត្តម ផាន់ វណ្ណរ័ត្ន បានគូសបញ្ជាក់ថា ការទទួលធ្វើម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF នេះ មិនមែនត្រឹមតែជាការប្រកួតកម្រិតអាស៊ានប៉ុណ្ណោះទេ ប៉ុន្តែយើងមានគោលដៅរៀបចំឈានដល់កម្រិតអាស៊ីថែមទៀតផង នាពេលខាងមុខ។ មានន័យថា យើងទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ប្រកួតធំៗយើងចង់បង្ហាញ និងផ្សព្វផ្សាយទៅកាន់អន្តរជាតិថា កម្ពុជាក្រោមម្លាប់សុខសន្តិភាព មានការរីកចម្រើន និងមានសុវត្ថិភាពដល់ភ្ញៀវទេសចរមកកម្សាន្តដោយគ្មានក្តីបារម្ភ។

ឯកឧត្តម អនុប្រធានសហព័ន្ធ កីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ទៀតថា ការប្រកួតតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ កម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២ ដែលដំណើររយៈពេល៣ថ្ងៃនេះ មាន៧ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមកចូលរួមនេះ សុទ្ធសឹងជាកីឡាករកីឡាការិនីលំដាប់កំពូលរបស់ប្រទេសគេ ខណៈកីឡាករកម្ពុជាក៏យើងបានជ្រើសរើសកីឡាករ កីឡាការិនីខ្លាំងៗ និងកំពូលដូចគ្នា។ ការប្រកួតនីមួយៗប្រទេសដែលចូលរួមសុទ្ធសឹងតែចង់ឈ្នះមេដាយនាំយកទៅប្រទេសគេវិញ ដើម្បីកេរ្តិ៍ឈ្មោះ និងមុខមាត់ប្រទេស។

ជាមួយគ្នាមេះ ឯកឧត្តម បួន ហ៊ីងសុធីយ៉ា អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានបញ្ជាក់ដែរថា ការប្រកួតដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ គឺមានកម្រិតខ្ពស់ជាងការរៀបចំលើកទី១ មានន័យថា ការប្រកួតលើកទី២នេះ កីឡាករ កីឡាការិនីបានចុះឈ្មោះទៅតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាប្រព័ន្ធថ្មីរបស់សហព័ន្ធអន្តរជាតិ ហើយកីឡាករកីឡាការិនីចុះឈ្មោះក្នុងប្រព័ន្ធនេះហើយ គ្រប់ទិន្ន័យប្រកួតទាំងអស់ គឺបានបង្ហាញនៅលើកញ្ចក់ទូរទស្សន៍។ ដូច្នេះ ក្នុងការកាត់សេចក្តីនីមួយៗគ្រប់ភាគីទាំងអស់មានសិទ្ធិតរ៉ាក្នុងករណីការឱ្យពិន្ទុខុសឬធ្វើខុសលក្ខន្តិកៈបច្ចេកទេសណាមួយ។ អគ្គលេខាធិការបន្ថែមថា សម្រាប់ការប្រកួតនេះ អ្វីដែលយើងអះអាងថាជាការប្រកួតកម្រិតខ្ពស់នោះ ព្រោះគ្រប់ប្រទេសគឺសុទ្ធតែបានបញ្ជូនចៅក្រមអាជ្ញាកណ្តាលគេមកចូលរួម មានន័យថា ចៅក្រមអាជ្ញាកណ្តាលទាំងនេះ សុទ្ធសឹងមានសញ្ញាប័តកម្រិតខ្ពស់ កម្រិត A របស់សហព័ន្ធអន្តរជាតិ។

សូមបញ្ជាក់ថា ការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ីអាគ្នេយ៍ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី២នេះ នឹងត្រូវដំណើរការរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២៨-៣០ ខែមិថុនា ឆ្នាំ២០២៥ ដោយមានប្រទេសចូលរួមចំនួន ៧ប្រទេសរួមមាន៖ ម្ចាស់ផ្ទះកម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបូរី វៀតណាម និងកូរ៉េខាងជើង៕