ឯកឧត្តម ប៊ុត បូវុត និង ឯកឧត្តម ហួត ឃាងវេង រួមជាមួយក្រុមការងារលេខាធិការដ្ឋាន ក.គ.ផ.ស. ទទួលជួបក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ដើម្បីពិនិត្យលទ្ធផលសិក្សាស្រាវជ្រាវស្តីពីផលប៉ះពាល់ការប្រើប្រាស់ និងវិធានការ ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា

TVK App

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៦។នៅសាលប្រជុំព្រះវិហារទីស្តីការក្រសួង ឯកឧត្តម ប៊ុត បូវុត រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាសមាជិកក្រុមការងារគ្រប់គ្រងការផ្សាយផលិតផលពាណិជ្ជកម្មគ្រឿងស្រវឹង និង ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង (ក.គ.ផ.ស.) រួមជាមួយក្រុមការងារលេខាធិការដ្ឋានដែលអញ្ជើញមកពីអន្តរក្រសួង ស្ថាប័នចំនួន១១ បានទទួលជួបក្រុមការងារ រាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន, ក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមវប្បធ៌ម និងតំណាងអង្គការសុខភាពពិភពលោក ដើម្បីពិនិត្យពិភ្សា និងធ្វើបទបង្ហាញស្តីពីលទ្ធផលសិក្សាស្រាវជ្រាវស្តីពី ផលប៉ះពាល់ការប្រើប្រាស់ និងវិធានការ ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា។

លទ្ធផលសិក្សាស្រាវជ្រាវ ស្តីពី «ផលប៉ះពាល់ការប្រើប្រាស់ និងវិធានការ ការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា» ធ្វើឡើងដោយ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយអង្គការចលនាដើម្បីសុខភាពកម្ពុជា ដោយបានធ្វើការសិក្សាស្រាវជ្រាវ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្នុងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។ 

ការសិក្សានេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងតាមដាន និងវាយតម្លៃអំពីប្រសិទ្ធភាពនៃការអនុវត្តគោលការណ៍សំខាន់ៗ ដែលពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ដើម្បីឆ្លើយតបនឹងគោលដៅនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ការការពារកុមារ និងយុវជនពីផលប៉ះពាល់អវិជ្ជមាននៃការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

ក្រៅពីនេះ ការសិក្សានេះក៏ជាការផ្តល់ធាតុចូលមួយដើម្បីធ្វើការបំពេញបន្ថែម ឬកំណត់យុទ្ធសាស្ត្រថ្មីៗ សម្រាប់ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឲ្យកាន់តែមានប្រសិទ្ធភាពជាងមុន ៕