ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Seaport Logistics Group Co., LTD.

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុន Zhejiang Seaport Logistics Group Co., LTD.

ទីស្តីការក្រសួង៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន Zhejiang Seaport Logistics Group Co., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពិភាក្សាការងារនិងស្វែងយល់ពីសក្តានុពលទីផ្សារក្នុងវិស័យភស្តុភារកម្ម ឱកាសវិនិយោគលើវិស័យភស្តុភារកម្មនៅកម្ពុជា និងការបង្កើតកិច្ចសហប្រតិបត្តិការរវាងរដ្ឋនិងឯកជនក្នុងការអភិវឌ្ឍនិងលើកកម្ពស់វិស័យភស្តុភារកម្មនៅកម្ពុជា។ 

នៅក្នុងជំនួបសំដែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការបន្តខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ សំដៅបន្តកសាងមូលដ្ឋានសេដ្ឋកិច្ច-សង្គមកម្ពុជា ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ 

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានរំលេចអំពីទិសដៅគោលនយោបាយ និងផែនការអភិវឌ្ឍន៍​នានារបស់ក្រសួងសាធារណការនិងដឹកជញ្ជូន ដែលគាំទ្រ​ដល់ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែប្រែកម្ពុជា​ជាប្រទេសមាន​ចំណូលកម្រិតមធ្យម​នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះ ក៏មានផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូន និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣ សម្រាប់ការអភិវឌ្ឍគម្រោងផ្លូវថ្នល់ ផ្លូវដែក ផ្លូវល្បឿនលឿន ផ្លូវទឹក​ និងជាពិសេសការអភិវឌ្ឍវិស័យភស្តុភារកម្មនៅកម្ពុជា និងផែនការមេអភិវឌ្ឍន៍ផ្លូវទឹក និងកំពង់ផែនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តាំផ្ញើឱ្យតំណាងក្រុមហ៊ុន Zhejiang Seaport Logistics Group បន្តសហការជាមួយជំនាញបច្ចេកទេសរបស់ក្រសួង ដើម្បីជួយគាំទ្រការអភិវឌ្ឍន៍វិស័យភស្តុភារកម្មនៅកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស និងការលើកកម្ពស់វិស័យភស្តុភារកម្មឱ្យកាន់តែរីកចម្រើនថែមទៀត។