ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឱ្យអ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group និងជាអនុប្រធានគណៈកម្មការដឹកជញ្ជូន និងភស្តុភារកម្មសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារពាក់ព័ន្ធនឹងកាលានុវឌ្ឍនភាពក្នុងចូលរួមចំណែកអភិវឌ្ឍន៍វិស័យដឹកជញ្ជូន និងភស្តុភារកម្មនៅកម្ពុជា

ទីស្តីការក្រសួង៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី១៤ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យលោកស្រី Amélie HUMPHREYS នាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group និងជាអនុប្រធានគណៈកម្មការដឹកជញ្ជូន និងភស្តុភារកម្មសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។

គោលបំណងនៃជំនួបសម្តែងការគួរសមនេះ គឺធ្វើឡើងដើម្បីបង្ហាញអំពីចំណាប់អារម្មណ៍ ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ និងឧត្តមានុវត្តអន្តរជាតិរបស់ CMA CGM Group ដែលបានកំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ព្រមទាំងដើម្បីស្វែងរកកិច្ចសហការរវាងសាធារណៈ និងឯកជន សំដៅស្វែងរកឱកាសវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ។

នៅក្នុងជំនួបសម្តែងការគួរសមនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណលោកស្រីនាយកគ្រប់គ្រងនៃក្រុមហ៊ុនដឹកជញ្ជូន CMA CGM Group ដែលបានចែករំលែកនូវឧត្តមានុវត្តរបស់ក្រុមហ៊ុនក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ហើយឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យ លោកស្រីនាយកគ្រប់គ្រង បន្តការសហការជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួង ដើម្បីសិក្សាស្វែងយល់អំពីតម្រូវការទីផ្សារក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម សំដៅរួមចំណែកលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូន និងភស្តុភារកម្មប្រកបដោយនិរន្តរភាព និងការបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាលើវិស័យភស្តុភារកម្មក្នុងតំបន់ ឱ្យស្របតាមទិសដៅគោលនយោបាយ និងផែនការមេនានារបស់រដ្ឋាភិបាលកម្ពុជា ប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕