ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់អនុសាសន៍ដល់និស្សិតតិចណូចំនួន ១០រូប ត្រៀមបន្តការសិក្សានៅបារាំង
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) ចំនួន ១០រូប ដែលត្រៀមបន្តការសិក្សានៅសកលវិទ្យាល័យចំនួន ៦ ក្នុងសាធារណរដ្ឋបារាំង ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធផងដែរ។
គោលបំណងសំខាន់នៃជំនួបនេះ គឺដើម្បីចែករំលែកបទពិសោធន៍ អនុសាសន៍ និងការណែនាំល្អៗ ដែលជាទស្សនទានដ៏មានតម្លៃសម្រាប់និស្សិតយកទៅសិក្សាស្វែងយល់បន្ថែម។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការផ្សព្វផ្សាយពីការអភិវឌ្ឍរបស់ជាតិ ដើម្បីឲ្យពិភពលោកបានយល់ដឹងកាន់តែច្បាស់អំពីប្រទេសកម្ពុជា ព្រមទាំងជំរុញឲ្យនិស្សិតបន្តចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប្រកបដោយវិបុលភាព ចីរភាព និងបរិយាបន្ន។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ និងការងារជាច្រើនដែលក្រសួងបាន និងកំពុងអនុវត្តក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងធ្វើឲ្យការអភិវឌ្ឍប្រទេសកាន់តែប្រសើរឡើង។
ឯកឧត្តមបានចូលរួមអបអរសាទរ និងកោតសរសើរចំពោះនិស្សិតដែលបានខិតខំប្រឹងប្រែងរហូតទទួលបានជ័យលាភីអាហារូបករណ៍ ហើយបានជំរុញលើកទឹកចិត្តឲ្យនិស្សិតទាំងអស់យកចិត្តទុកដាក់ប្រឹងប្រែងសិក្សារៀនសូត្រ និងចូលរួមកសាងសង្គម-សេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែរីកចម្រើនជាមួយរាជរដ្ឋាភិបាលនៅពេលវិលត្រឡប់មកមាតុប្រទេសវិញ។







