ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំគណៈប្រតិភូក្រសួងចុះសំណេះសំណាល និងសួរសុខទុក្ខកងទ័ពនៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ៖ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោកជំទាវ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់វីរកងទ័ពជួរមុខ រួមមាន កងការពារព្រំដែនគោកលេខ៤០២ លេខ៤០៣ និងបញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ។ ក្នុងឱកាសនេះ ក៏មានការចូលរួមពី ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ឯកឧត្តមឧត្តមសេនីយ៍ត្រី មាស ប៊ុង មេបញ្ជាការរង បញ្ជាការដ្ឋានកាំភ្លើងធំ អគ្គបញ្ជាការដ្ឋាន លោកវរសេនីយ៍ត្រី សៀក សំអ៊ុល មេបញ្ជាការស្តីទី កងការពារព្រំដែនគោកលេខ៤០២ លោកវរសេនីយ៍ឯក ជុំ សេង មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។
ថ្លែងនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយុទ្ធជនទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្ពង់ខ្ពស់ចំពោះវីរភាព និងការលះបង់ដ៏អស្ចារ្យរបស់កងកម្លាំងប្រដាប់អាវុធ ដែលបានឈរជើងការពារព្រំដែន ដោយមិនខ្លាចលំបាក និងឆ្លងកាត់ការលះបង់ទាំងសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ និងបាននាំយកអំណោយមួយចំនួនជាគ្រឿងឧបភោគ បរិភោគចែកជូនដល់បងប្អូនយុទ្ធជនទាំងអស់។
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តាំផ្ញើឱ្យបងប្អូនកងទ័ព និងកងការពារព្រំដែនទាំងអស់ បន្តថែរក្សាសុខភាព និងពង្រឹងស្មារតីឱ្យមានភាពមាំមួន ក្នុងការបំពេញបេសកកម្មការពារជាតិ ដើម្បីធានាសុខសន្តិភាព និងស្ថិរភាពរយៈពេលវែងសម្រាប់ប្រទេសជាតិ ជាមួយគ្នានេះ ក៏សូមបន្តគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងការការពារទឹកដី តាមរយៈយន្តការការទូត ការចរចា ការសហការតំបន់ និងយន្តការតុលាការអន្តរជាតិ និងបួងសួងទេវតាឆ្នាំថ្មី ព្រះនាងរាក្យសាទេវី ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានដល់នាសប្ដាហ៍ក្រោយនេះ សូមប្រោះព្រំជ័យជូនបងប្អូនកងទ័ព និងកងការពារព្រំដែនទាំងអស់ ជោគជ័យគ្រប់ភារកិច្ច ឈ្នះផ្ចាញ់សត្រូវឈ្លានពាន ព្រមទាំងពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



