ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល
ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង អញ្ជើញជាអធិបតីក្នុងពិធីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្រស្ម័គ្រចិត្ត ឯកឧត្តម ស៊ុន ចាន់ថុល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវអនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកោះធំ និងស្រុកស្អាង ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ពិធីត្រូវបានធ្វើឡើងដើម្បីពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ តាមរយៈការពិគ្រោះយោបល់ ការព្យាបាលការ និងការពារជំងឺ ជាពិសេសការធ្វើឱ្យប្រសើរឡើងនូវសុខភាពជាសកលស្តីពីជំងឺមិនឆ្លង តាមរយៈការប្រមូល និងវិភាគទិន្នន័យអ្នកជំងឺនៅក្នុងសហគមន៍ ដើម្បីកំណត់បញ្ហាអាទិភាព ក្នុងការដោះស្រាយចំពោះបញ្ហាដែលកើតមាន។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមប្រធានបានលើកឡើងថាការចុះពិនិត្យ និងព្យាបាលជំងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងស្រុកស្អាង និងស្រុកកោះធំ នាថ្ងៃនេះ កើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ និងស្តែងចេញពីទឹកចិត្ដ ស្រឡាញ់ និងយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលតែងតែគិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋនៅមូលដ្ឋាន។
បេសកកម្មថ្ងៃនេះ មានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមឧបនាយករដ្ឋមន្តី ស៊ុន ចាន់ថុល, ក្រុមគ្រូពេទ្យពីប្រទេសបារាំង ក្រុមគ្រូពេទ្យមន្ទីរពេទ្យតេជោសែន កោះធំ ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែកស្អាង និងមន្ទីរពេទ្យផ្សេងទៀត រួមទាំងក្រុមការងារបច្ចេកទេស បានចំណាយពេលវេលា និងកម្លាំងកាយ ចិត្ត ចូលរួមពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដែលបង្ហាញពីការលះបង់ខ្ពស់ចំពោះសុខភាពប្រជាពលរដ្ឋនៅមូលដ្ឋាន៕



