ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលជួបពិភាក្សាការងារជាមួយ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា
ទីស្តីការក្រសួង៖ នារសៀលថ្ងៃពុធ ទី២១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អនុញ្ញាតឱ្យប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ប្រចាំនៅកម្ពុជា បានចូលជួបសម្តែងការគួសម និងពិភាក្សាការងារ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីពាក់ព័ន្ធ។
ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព នៃការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC ៕ ក្នុងកិច្ចប្រជុំនេះ ក្រុមការងារ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានធ្វើបង្ហាញពីវឌ្ឍនភាព និងផែនការសកម្មភាពការងាររបស់ខ្លួនសម្រាប់ជំហានបន្ទាប់ដែលត្រូវអនុវត្តបន្ត ដែលក្នុងនោះរួមមានដូចជាការធ្វើ Market Sounding ដើម្បីផ្សព្វផ្សាយព័ត៌មានគម្រោងនិងទាក់ទាញអ្នកវិនិយោគ លក្ខខណ្ឌនិងនីតិវិធីនៃការជ្រើសរើសក្រុមហ៊ុនវិនិយោគ និងការវាយតម្លៃផ្តល់កិច្ចសន្យាគម្រោងជាដើម។
ឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំពាក់ព័ន្ធរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន បានវាយតម្លៃខ្ពស់ដល់ក្រុមការងារសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលបានខិតខំសហការជាមួយមន្រ្តីជំនាញនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចំពោះវឌ្ឍនភាពនៃការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ SHV-LC នេះ និងបានណែនាំឱ្យក្រុមការងារបន្តសហការជាមួយមន្រ្តីជំនាញនៃក្រសួងទាំង២ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជំរុញឱ្យការរៀបចំគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មនេះ អាចទទួលបានការចាប់អារម្មណ៍និងវិនិយោគពីវិស័យឯកជន។



