ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីសមិទ្ធផលធំៗ និងទិសដៅការងារ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ទីស្តីការគណៈរដ្ឋមន្រ្តី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែមករា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំប្រតិភូក្រសួងជួបជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ស្តីពីសមិទ្ធផលធំៗ និងទិសដៅការងារក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ក្រោមការសម្របសម្រួល និងដឹកនាំដោយ ឯកឧត្តម អុល ចាន់ធឿន ប្រធានប្តូរវេនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ កម្មវិធីនេះ ក៏មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន សមាជិក សមាជិកាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំពិគ្រោះយោបល់នេះ ត្រូវបានធ្វើឡើង ដើម្បីពិនិត្យ ពិភាក្សាវឌ្ឍនភាព និងសមិទ្ធផលការងារ និងបញ្ហាប្រឈម ដែលក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តបាន ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាការកំណត់ចក្ខុវិស័យ និងទិសដៅជាយុទ្ធសាស្ត្រក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងបុព្វហេតុ ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

សូមបញ្ជាក់ថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៨២៣/២០៦៤ ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដែលមានសមាសភាពមកពីគណបក្សនយោបាយទាំងឡាយដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ព្រមទាំងគណបក្សនយោបាយផ្សេងទៀតដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់ជាធរមាននៃព្រះរាជាណាចក្រកម្ពុជា។ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់គឺក្នុងគោលបំណងលើកស្ទួយរបបនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស ដើម្បីប្រមូលធាតុចូលនៃទស្សនៈពហុគំនិតជាប្រយោជន៍ដល់ការស្ថាបនាជាតិ៕