ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦
រាជធានីភ្នំពេញ៖ នារសៀលថៃ្ងអង្គារ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ស្ថាប័នរដ្ឋពាក់ព័ន្ធ អង្គការ JASIC (Japan Automobile Standards Internationalization Center) និងឯកជនអន្តរជាតិជាច្រើនប្រទេសចូលរួម។
នេះជាលើកដំបូងដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំវេទិការួមរវាងរដ្ឋាភិបាល និងវិស័យឯកជនក្នុងតំបន់អាស៊ីលើកទី១៦ ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ JASIC ចូលរួមសហការក្នុងការរៀបចំឡើង។
វេទិកាដែលប្រព្រឹត្តទៅនាពេលនេះមានគោលបំណង ដើម្បីផ្សព្វផ្សាយ និងជំរុញប្រទេសក្នុងតំបន់អាស៊ី ចូលជាភាគី នៃកិច្ចព្រមព្រៀងឆ្នាំ១៩៥៨ ស្តីពីការទទួលយកបទប្បញ្ញត្តិបច្ចេកទេសរួម នៃអង្គការសហប្រជាជាតិសម្រាប់យានយន្ត និងគ្រឿងបន្លាស់ដែលអាចបំពាក់និង/ឬប្រើប្រាស់ទៅលើយានយន្ត និងលក្ខខណ្ឌសម្រាប់ការទទួលស្គាល់ទៅវិញទៅមកនៃការផ្តល់អនុលោមភាពដោយឈរលើមូលដ្ឋាននៃបទប្បញ្ញត្តិអង្គការសហប្រជាជាតិ ផ្សព្វផ្សាយរបាយការណ៍ស្តីពីលទ្ធផល នៃកិច្ចប្រជុំក្រុមការងារបច្ចេកទេស(WP29) ចំនួន៣ដង នៅទីក្រុង ហ្សឺណែវ ប្រទេសស្វ៊ីស និងកិច្ចប្រជុំ ITC មាន១ដងក្នុងមួយឆ្នាំ ដើម្បីធ្វើការអនុម័តកែប្រែ និងទទួលយកបទប្បញ្ញត្តិបច្ចេកទេសថ្មីៗ នៃការផលិតយានយន្តសកល ដែលប្រទេសអ្នកផលិតបានស្នើសុំកែសម្រួល ឬបង្កើតថ្មីៗ។ របាយការណ៍លើកឡើងពីវិស័យឯកជន/អ្នកផលិត ពីបញ្ហាប្រឈមផ្សេងៗក្នុងវិស័យ យានយន្តសកល និងស្វែងរកដំណោះស្រាយរួមគ្នា ដូចជាផលប៉ះពាល់បរិស្ថាន ការបម្រែបម្រួលអាកាសធាតុជាដើម និងធ្វើស្តង់ដាតែមួយលើការផលិតតាមរយៈស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិរួមក្នុងវិស័យយានយន្តសកល ដើម្បីកាត់បន្ថយរនាំងបច្ចេកទេសក្នុងឧស្សាហកម្មយានយន្ត៕



