ឯកឧត្តម ប៉េង ពោធិ៍នា ដង្ហែអង្គកឋិនទានទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រី មាសក្នុងព័ទ្ធសីមាវត្តព្រែកអំបិល ឋិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង

ក្នុងឱកាសដែលប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជន កំពុងចូលរួមប្រកបដោយ សទ្ធាជ្រះថ្លា ផ្តើមជា អង្គកឋិនទាន ដើម្បីដង្ហែទៅកាន់ទីអារាមនានា ទូទាំងព្រះរាជាណាចក្រកម្ពុជានោះ ដោយឡែកឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយបានមូលមតិគ្នាជាឯកឆ័ន្ទផ្តួចផ្តើមធ្វើ បុណ្យកឋិនទានរស្មីសាមគ្គីដើម្បីដង្ហែទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រី មាសក្នុងព័ទ្ធសីមាវត្តព្រែកអំបិល ឋិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
ពិធីបុណ្យកឋិនទាននេះ បានប្រារព្វធ្វើតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយនៅវេលារសៀលថ្ងៃសុក្រ ៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត និងលោកជំទាវ រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ ជួបជុំប្រារព្វពិធីក្រុងពាលី ប្រារព្ធបទន មស្សកាព្រះរតនត្រៃយ៍ និងនិមន្តព្រះសង្ឃចំរើនព្រះបរត្តិសម្តែងធម៌ទេសនា។
លុះនៅវេលាព្រឹកថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោក ជំទាវ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានដង្ហែអង្គកឋិនទានរស្មីសាមគ្គី ទៅវេរប្រគេនព្រះភិក្ខុសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមាវត្តព្រែកអំបិល ឋិតក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ជាកិច្ចបង្ហើយនៃកម្មវិធីបុណ្យ។
សូមបញ្ជាក់ថា បុណ្យកឋិនទាននេះពុទ្ធបរិស័ទ យើងតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំតាមរដូវកាលកំណត់ ដែលមានរយពេល ១ខែ ពោលគឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ហើយបុណ្យកឋិនទាននេះ មានអានិសង្ឃខ្ពង់ខ្ពស់បំផុត ពោលគឺអ្នកផ្តើមកសាង អង្គកឋិនទាន ទទួលបានអានិសង្ឃ៥យ៉ាង រីឯព្រះសង្ឃទទួលក្រាលគ្រងអង្គកឋិនទាននេះ ក៏ទទួលបានអានិសង្ឃ៥យ៉ាងដែរ។
ក្នុងឱកាសនៃពិធីបុណ្យកឋិនទាននេះ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និង លោកជំទាវ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានថ្វាយនូវ ព្រះរាជកុសលផលបុណ្យ ដែលកើតចេញពីអង្គកឋិនទាននេះ ថ្វាយព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណព្រះវររាជ បិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះអង្គបានយាងសោយព្រះទីវង្គត់ទៅបរលោកឯនាយខាងមុខ ហើយនោះ សូមព្រះវិញ្ញាណក្ខនព្រះអង្គ បានយាងគង់ប្រថាប់សោយសុខក្នុងព្រះសុគតិភព ប្រកបដោយសម្បត្តិសួគ៌ និងសម្បត្តិព្រះនិពាន្ត ជាឋានបរមសុខដ៏ខ្ពង់ខ្ពស់បំផុត និង សូមថ្វាយនូវព្រះ រាជកុសលនេះ ថ្វាយព្រះករុណ ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឲ្យព្រះអង្គទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ បរិបូរណ៍ ព្រះបញ្ញាញាណភ្លឺថ្លា ព្រះកាយពលរឹងមាំ ព្រះជន្មាយុយឺនយូរជាងរងព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់របស់ប្រជាពលរដ្ឋខ្មែរ ជាកូន ចៅ របស់ព្រះអង្គជាយូរអង្វែងតរៀងទៅ និងសូមជូនកុសលនៃអង្គកឋិនទៀននេះជូនដល់ដួងវិញ្ញាក្ខន្ធវិរកងទ័ពកម្ពុជាទាំងអស់ដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបូរណភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបជូនថា បច្ច័យដែលកើតចេញពីសទ្ធាជ្រះថ្លា របស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកជំទាវ ឆាយ សាលីន តំណាង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយនាពេលនោះ រួមមាន បច្ច័យរបស់ឯកឧត្តម ប៉េង ពោធិ៍នា និងលោកជំទាវ ចំនួន៨០លានរៀល បច្ច័យរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ លោកជំទាវ ចំនួន៤៦លានរៀល និងបច្ច័យរបស់ពុទ្ធបរិស័ទចំនួនប្រមាណ៥៤លានរៀល សរុបចំនួន១៨០លានរៀល ។ ឈ្លៀតក្នុងឱកាសនោះឯកឧត្តម ប៉េង ពោធិ៍នា ក៏បានប្រគេនបច្ច័យសង្កត់ត្រ័យដល់វត្តចំនួន៥៥វត្ត ឋិតក្នុងស្រុកស្អាង និងស្រុកកោះធំ ដោយក្នុងមួយវត្តចំនួន៥លានរៀលផងដែរ។