ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ អញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្តកំសាន្ត រាជធានីភ្នំពេញ

ក្នុងឱកាសពិធីកាន់បិណ្ឌវេនទី៥ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិ ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (គណៈកម្មការទី៧) នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៥ នៅវត្ដកំសាន្ត ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃសុក្រ ៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥។ 

នៅក្នុងពិធីកាន់បិណ្ឌទី៥នេះ ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទទាំងអស់ បានអញ្ជើញប្រតិបត្ដិព្រះធម៌ សូត្រមន្ដ នមស្ការ ចម្រើនព្រះបរិត្ដ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិស កុសល ផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាតកាទាំង៧សណ្ដាន និងជូនដល់វិញ្ញាណក្ខន្ធ បុព្វបុរស វីរៈជនជាតិ អ្នកស្នេហាជាតិ ដែលបានពលី អាយុជីវិត ដើម្បីភាពគង់វង្ស នៃបូរណភាពទឹកដី ជាតិមាតុភូមិ។ 

ឯកឧត្តម ប៉ា សុជាតិវង្ស និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងពុទ្ធបរិស័ទ ក្នុងវេនទី៥ បាននាំយកនូវទេយ្យទាន និងបច្ច័យសម្រាប់ ប្រគេនព្រះសង្ឃ រួមមាន៖ បច្ច័យកសាង ចំនួន២០លានរៀល បច្ច័យចង្ហាន់ចំនួន២លានរៀល ព្រះសង្ឃ៣៨អង្គ ក្នុង១អង្គចំនួន២មុឺនរៀល ព្រះចៅអធិការវត្តចំនួន១០មុឺនរៀល សាដកចំនួន៣៨ឈុត អង្ករចំនួន១០០គីឡូក្រាម ស្ករសចំនួន១០០គីឡូក្រាម មី២០កេសតូច ត្រីខ២កេសធំ ទឹកដោះគោខាប់២កេសធំ ទឹកក្រូចចំនួន១០កេស ទឹកបរិសុទ្ធចំនួន៥០កេស និងផ្លែឈើ២កន្ត្រក។ ជាមួយគ្នានេះ ឯកឧត្តម និងលោកជំទាវ ក៏បានជូននូវថវិកា ដល់លោកតា លោកយាយ ដែលបានចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៥នេះ ដោយក្នុងម្នាក់ៗ ទទួលបានថវិកា២មុឺនរៀលផងដែរ៕