ឯកឧត្តម បណ្ឌិត សួង ម៉េងគា បើកសិក្ខាសាលាស្តីពី “ការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក”

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥, នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា, ឯកឧត្តមបណ្ឌិត សួង ម៉េងគា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី “ការជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុក” ដែលរៀបចំឡើងដោយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក្រុមការងារទារបំណុលអន្តរក្រសួង) សហការជាមួយ ក្រសួងរ៉ែនិងថាមពល និងសមាគមថ្មអារកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ពីគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និង​ សមាគម សហគ្រាស ក្រុមហ៊ុនឯកជន ដែលពាក់ព័ន្ធនឹងវិស័យថ្មអារ សរុបប្រមាណ ៣៥០ រូប ។ 

 កម្មវិធីសិក្ខាសាលានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងចម្បង ជំរុញការប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ដែលជាធនធានធម្មជាតិដ៏មានតម្លៃ របស់ព្រះរាជាណាចក្រកម្ពុជា ស្របតាមសេចក្តីណែនាំលេខ ០០៦ សហវ.សណន ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការចូលរួមប្រើប្រាស់ផលិតផលថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព ក្នុងគ្រប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការដ្ឋានសំណង់នានា ដែលប្រើប្រាស់ថវិការដ្ឋ ជូនដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ ក៏ជាវេទិកាជំនួបរវាងរដ្ឋ និងឯកជន ដែលមានក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ជាមួយនឹងសមាគមថ្មអារកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, ក្រុមហ៊ុនឯកជន, សហគ្រាសពាណិជ្ជកម្ម និងម្ចាស់អាជីវកម្ម ដែលផ្គត់ផ្គង់ថ្មអារក្នុងស្រុក ដើម្បីកសាងទំនាក់ទំនង និងបានយល់ដឹងអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះវិស័យថ្មអារ អំពីស្ថានភាពអាជីវកម្មថ្មអារ យថាប្រភេទថ្មអារ សោភ័ណភាព និងគុណភាពថ្មអាររបស់កម្ពុជាយើង ព្រមទាំងគុណប្រយោជន៍ នៃការចូលរួមប្រើប្រាស់ថ្មអារក្នុងស្រុកឱ្យអស់លទ្ធភាព។ 

 ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត សួង ម៉េងគា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសរំលេចបន្ថែម នូវការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ ប្រកបដោយភាពឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរ៉ែនិងថាមពល ជាសេនាធិការ បាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងធនធានរ៉ែ និងចំណូលពីវិស័យរ៉ែ ជាពិសេសវិស័យថ្មអារនេះ ដោយបានដាក់ចេញនូវវិធានការសំខាន់ៗ និងដំណោះស្រាយបញ្ហាប្រឈម ជាបន្តបន្ទាប់ដូចជា៖ (១) ការកែសម្រួលអត្រាអាករនាំចេញលើមុខសញ្ញាទំនិញថ្មធម្មជាតិ, (២) ការសម្របសម្រួលការផ្តល់សេវា​សាធារណៈ នីតិវិធីសម្រាប់ការធ្វើអាជីវកម្ម និងការនាំចេញថ្មអារ ជូនដល់វិនិយោគិន ឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស, (៣) ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការដ្ឋានរ៉ែ ដូចជា ការដំឡើងអង់តែនទូរស័ព្ទ និងសេវាអ៊ិនធើណិត នៅតាមបណ្ដាការដ្ឋានរ៉ែឆ្ងាយដាច់ស្រយាល, (៤) ការដាក់ចេញនូវវិធានការបញ្ចៀសនូវរាល់ការធ្វើអាជីវកម្មខុសច្បាប់ របស់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណ ការគេចវេះពន្ធគយពីការនាំចេញថ្មអារ និងការប្រកួតប្រជែងមិនស្មោះត្រង់, (៥) ការកាត់បន្ថយនីតិវិធីត្រួតពិនិត្យ​ការនាំចេញផលិតផលថ្មអារ ដោយអនុញ្ញាតឱ្យមន្ត្រីគយ​ ត្រួតពិនិត្យមិនលើសពី ៥% នៃបរិមាណទំនិញនាំចេញមួយលើកៗ រីឯទំនិញ ៩៥% ទៀត ដែលមិនជាប់កាតព្វកិច្ចត្រួតពិនិត្យ ត្រូវសម្រួលនីតិវិធីឱ្យនាំចេញបានឆាប់រហ័ស, (៦) ក្រសួងរ៉ែនិងថាមពល និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្កើតខ្សែទូរស័ព្ទ Hot Line ដើម្បីទទួល និងដោះស្រាយបញ្ហានានា ជាយថាហេតុ, (៧) ក្រសួង​ពាណិជ្ជកម្ម ត្រូវសម្រួលនីតិវិធីក្នុងការផ្ដល់វិញ្ញាបនបត្របញ្ជាក់ប្រភពទំនិញ មកត្រឹម ២ថ្ងៃ នៃថ្ងៃធ្វើការ។ 

ក្នុងឱកាសនេះ, ឯកឧត្តម ហ៊ាន ប៊ុនណិត អគ្គនាយករង នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារទារបំណុលអន្តរក្រសួង តំណាងឱ្យ ឯកឧត្តម នេត មុន្នី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានរាយការណ៍សង្ខេបជូនអង្គពិធី អំពីវឌ្ឍនភាព នៃការអនុវត្តគោលនយោបាយលើវិស័យថ្មអារ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នូវការនាំចេញផលិតផលថ្មអារ ព្រមទាំងសន្ទុះនៃការកើនឡើងទាំងចំណូលសារពើពន្ធ និងចំណូលមិនមែនសារពើពន្ធពីវិស័យថ្មអារជាគុណប្រយោជន៍ដល់ថវិកាជាតិ ដោយប្រៀបធៀបរយៈពេល ១៥ខែ រវាងដំណាក់កាលមុនការដាក់ចេញនូវគោលនយោបាយជំរុញវិស័យថ្មអារ ត្រឹមខែកញ្ញា ឆ្នាំ២០២៣(ពីខែកក្កដា ឆ្នាំ២០២២ ដល់ខែកញ្ញា ឆ្នាំ២០២៣) និងដំណាក់កាល ១៥ ខែក្រោយការដាក់ចេញនូវគោលនយោបាយជំរុញវិស័យថ្មអារ (ពីខែតុលា ឆ្នាំ២០២៣ ដល់ខែធ្នូ ឆ្នាំ២០២៤)។ ក្នុងនោះ ការនាំចេញផលិតផលថ្មអារ កើនឡើង ៥១៨% និងចំណូលពីសួយសារ កើនឡើង ៦៧៤%, ចំណូលពន្ធដារ កើនឡើង ១២៣% និង ចំណូលពន្ធគយ កើនឡើង ១៤០%។ 

 ជាមួយគ្នានេះ, អង្គសិក្ខាសាលា ក៏មានការចូលរួមធ្វើបទអន្តរាគមន៍ពីតំណាង ក្រសួងរ៉ែនិងថាមពល, តំណាងសមាគមថ្មអារកម្ពុជា, ការចាក់បញ្ចាំងវីដេអូឯកសារខ្លី ស្តីពី “ស្ថានភាពបច្ចុប្បន្នភាពនៃអាជីវកម្មថ្មអារនៅកម្ពុជា” និង ការទស្សនាគំរូផលិតផលថ្មអារផងដែរ។

Screenshot
Screenshot
Screenshot
Screenshot
Screenshot