ឯកឧត្តម បណ្ឌិត ហង្ស សាមឿន ជំរុញបន្ថែមដល់មន្ត្រីជំនាញថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិបន្តសហការគ្នា តាមដានជាប្រចាំលើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងឆ្លើយតបអោយទាន់ពេលវេលា
នៅគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៦ មានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ស្តីពី លទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែ មករាឆ្នាំ២០២៦និងទិសដៅខែកុម្ភៈ ឆ្នាំ២០២៦ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតហង្ស សាមឿន អនុប្រធានទី២ គ.ជ.គ.ម. តំណាងឯកឧត្តមកិត្តិសង្កហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមន្តរាយនិងមានការចូលរួម ពីអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ទីប្រឹក្សា ជំនួយការរួមទាំងមន្ត្រីក្រោមឳវាទផងដែរ ។
តាមរបាយការណ៏របស់គ្គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះបានអោយដឹងថា នៅក្នុងខែមករានេះ ស្ថានភាពអាកាសធាតុត្រជាក់ខ្លាំង ចាប់ពីដើមខែធ្នូមក ដោយសាររបបខ្យល់មូសុងឦសាននៅមានឥទ្ធិពលខ្លាំងមកលើតំបន់អាងទន្លេមេគង្គ និងភូមិសាស្ត្រកម្ពុជា និងអំពីស្ថានភាពនៃការខ្វះខាតទឹកសម្រាប់ស្រូវប្រាំង រួមមាន៖
− ការបញ្ចេញទឹកសម្រាប់ស្រោចស្រព នៅមូលដ្ឋានខេត្តចំនួន ៤មាន ខេត្តពោធិ៍សាត់ ព្រៃវែង តាកែវ និងខេត្តបន្ទាយមានជ័យ
− ស្រូវប្រាំងខ្វះខាតទឹកកំពុងអន្តរាគមន៍បើកបញ្ចេញទឹកសង្រ្គោះ (ទិន្នន័យបឋម)៖
• ព្រៃវែង ៣ស្រុក ១៣ឃុំ = ៩៨៨៣ ហិកតា
• ពោធិ៍សាត់ ១ស្រុក ២ឃុំ = ៣០៦០ ហិកតា
• តាកែវ ១ស្រុក = ៤០០០ ហិកតា
• បន្ទាយមានជ័យ ២ស្រុក ៨ឃុំ = ១៧.១៤៧ ហិកតា
៣. ការបាក់ច្រាំងទន្លេស្ទឹង
− កើតមានចំនួន ៣ករណី នៅក្នុងខេត្តកំពង់ចាម ត្បូងឃ្មុំ
− ស្ថានភាពរងគ្រោះ ៖
• ផ្ទះរំកិល និងរុះរើចេញ១ខ្នង
• បាក់ស្រុតច្រាំងទន្លេមេគង្គ ៣៥០ម៉ែត្រ និងទទឹងពី៤ទៅ១០ម៉ែត្រ។ ដោយឡែកប្រជា ជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅភូមិដ្ឋានវិញចំនួន ៣៥.២៩៩គ្រួសារ ដែលកំពុងស្នាក់អាស្រ័យ នៅតាមមណ្ឌលសុវត្ថិភាពចំនួន ៧៧កន្លែង។
ឯកឧត្តមបណ្ឌិតហង្ស សាមឿន ក្នុងនាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានថាទិសដៅអនុវត្តបន្ត របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយរួមមាន
− សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួងស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋានក្នុងពិនិត្យតាមដានស្ថានភាពរាំងស្ងួតក្នុងរដូវប្រាំង នៅតាមភូមិសាស្ត្ររងគ្រោះ និងធ្វើការឆ្លើយតបឱ្យបានទាន់ពេលវេលា។
− សម្របសម្រួល និងពិគ្រោះយោបល់ជាមួយដៃគូអភិវឌ្ឍន៍ អង្គការដៃគូ និងវិស័យឯកជន ដើម្បីកៀរគរការគាំទ្រ និងចូលរួមសម្រាប់ឆ្លើយតបក្នុងហេតុការណ៍គ្រោះមហន្តរាយឆ្នាំ២០២៥ ជាពិសេសការរួមចំណែកក្នុងការកាត់បន្ថយការលំបាករបស់ប្រជាជននៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ។
− សម្របសម្រួល និងសហការជាមួយលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងការពារជាតិ និងកងប្រតិបត្តិការរុករកនិងសង្គ្រោះ ក្នុងការចល័តកម្លាំង និងមធ្យោបាយជួយសង្គ្រោះក្នុងហេតុការណ៍គ្រោះមហន្តរាយក្នុងរដូវប្រាំង។
− សម្របសម្រួល និងសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងការដោះស្រាយបញ្ហាប្រឈមរបស់ប្រជាជនភៀសសឹក ដែលមិនទាន់អាចវិលទៅលំនៅឋានវិញបាន ទាំងការងារសង្គម សេដ្ឋកិច្ច និងការអប់រំ។
ឯកឧត្តមបណ្ឌិតហង្ស សាមឿន បានបន្តថា សមត្ថភាព និងលទ្ធភាពជាដៃគូជាមួយផ្នែកសាធារណៈ និងឯកជនដើម្បីកៀរគរការចូលរួម និងគាំទ្រក្នុងសកម្មភាពនៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយក្នុងគ្រួសារនិងសហគមន៍។
− ចូលរួមសហការអនុវត្តតួនាទី និងការទទួលខុសត្រូវក្នុងក្របខ័ណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបគ្រោះអាសន្នដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងប្រទេស និងក្នុងតំបន់។
− ពង្រឹងសមត្ថភាព និងលទ្ធភាពនៃការឆ្លើយតប និងផ្តល់អំណោយសង្គ្រោះបន្ទាន់ក្នុងហេតុការណ៍គ្រោះមហន្តរាយក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយកាកបាទក្រហមកម្ពុជា ប្រព័ន្ធស្បៀងបម្រុងកម្ពុជា អង្គការក្រៅរាជរដ្ឋាភិបាលជាដៃគូ និងវិស័យឯកជន។
− ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌសហប្រជាជាតិ និងអន្តរជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ស្របតាមក្របខ័ណ្ឌការងារសេនដាយ ២០១៥-២០៣០។



