ឯកឧត្តម នេត្រ ភក្រ្តា ៖ តម្លៃដ៏សំខាន់បំផុតរបស់មនុស្សគ្រប់រូបគឺ “ មានសុខភាពល្អ មានចំណេះដឹង និងមានសីលធម៌ល្អ សម្រាប់ការរស់នៅក្នុងសង្គម “

បើធៀបទៅការសាងសង់ផ្ទះចំណេះដឹងចាត់ទុកជាដំបូលផ្ទះ, សុខភាព ដូចជាសសរផ្ទះ រីឯសីលធម៍ ជាជញ្ជាំង បើសិនមានទាំង ៣ចំណុចនេះហើយ គឺជាផ្ទះស្អាតមួយចង់រស់នៅ។ បើសិនជាមនុស្សវិញមានចំណុចសំខាន់ ៣នេះ សុខភាពល្អ ចំណេះដឹង និងមានសីលធម៌ល្អ គឺគេស្រលាញ់ អាប់អានច្រើន,

ដូច្នេះអ្វីដែលសំខាន់ ប្អូនៗជាសិស្ស និស្សិត ត្រូវខិតខំប្រឹងប្រែងសិក្សារៀនសូត្រយកចំណេះដឹង ដើម្បីបង្កើនតំលៃនៃខ្លួនយើង និងមានអនាគតល្អ, ការសិក្សារៀនសូត្រ គឺជាកាតព្វកិច្ច ដែលត្រូវបំពេញ, ការសិក្សា គឺជាផ្នែកមួយនៃជីវិត,

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សនិទ្ទេស A ចំនួន ៤៦នាក់ មកពីខេត្តក្រចេះ នៅរសៀលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ។

ពិធីសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ ឯកឧត្តម លោកជំទាវជាប្រធានក្រុមការងារទាំង ៧ក្រុង ស្រុក ក្នុងខេត្តក្រចេះ ព្រមទាំង មាតាបិតា អាណាព្យាបាល។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្រ្តា បានជំរុញលើកទឹកចិត្តដល់ ប្អូនៗសិស្សានុសិស្ស បន្តប្រឹងប្រែងការសិក្សារៀនសូត្រដើម្បីទទួលបានចំណេះដឹងជ្រៅជ្រះ គឺអាចផ្លាស់ប្តូរវាសនារបស់ខ្លួនឯងបានល្អ ជួយដល់គ្រួសារ ត្រឡប់មកជួយកសាង និងអភិវឌ្ឍ ភូមិ ឃុំ ស្រុករបស់ខ្លួនអោយមានការរីកចម្រើន។

នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការចែករំលែកបទពិសោធន៍សំខាន់ៗពាក់ពន្ធ័ការសិក្សាស្រាវជ្រាវ និងបរិបទបែបណាខ្លះថាតើត្រូវធ្វើអ្វីដើម្បីចូលរួមកសាងប្រទេសជាតិឲ្យបានកាន់តែរីកចម្រើន។

ឯកឧត្តម បានធ្វើរំលឹកពីប្រវត្តិសាស្រ្តមួយចំនួនដែលកម្ពុជាបានឆ្លងកាត់ជាច្រើនតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខសន្តិភាព ដោយក្នុងនោះបើពិនិត្យមើលអំពីធនធានមនុស្សរបស់កម្ពុជាកាលពីឆ្នាំ១៩៧៩ ស្ថានភាពកាលនោះ គឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះ គឺពិតជាលំបាក ។ ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺជាដំណាក់កាលពង្រឹងខ្លួន កសាងធនធានមនុស្ស ដោយធ្វើយ៉ាងមិចឲ្យមានអ្នកចេះដឹងច្រើន ។ ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាដំណាក់កាលនៃការពង្រីកការអភិវឌ្ឈធនធានមនុស្ស ។

ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ គឺជាដំណាក់កាលនៃការពង្រឹងបរិមាណ និងគុណភាព ដែលនិយាយពីមូលធុនមនុស្ស សំដៅលើមនុស្សដែលជាធនធាន មានចំណេះដឹង មានសមត្ថភាព ស្នាដៃ និងសុខភាព ។ ដូច្នេះបើពិនិត្យជារួមក្នុងដំណើររយៈពេលជាង ៤០ឆ្នាំនេះ គឺកម្ពុជាបានកសាងប្រទេសចាប់តាំងពីបាតដៃទទេ ព្រោះអ្នកចេះដឹងដែលមាននៅមុនឆ្នាំ១៩៧៩ ត្រូវបានខ្មែរក្រហមសំលាប់ចោល ។ ឯកឧត្តម បានគូសបញ្ជាក់ថា ដោយកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់នាំប្រទេសរហូតមកដល់ពេលបច្ចុប្បន្ននេះ បានកសាងធនធានមនុស្សបានយ៉ាងច្រើន ប្រកបដោយសមត្ថភាពខ្ពស់។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានផ្តាំផ្ញើដល់ ប្អូនៗ សិស្ស និស្សិតទាំងអស់ ត្រូវខិតខំពង្រឹងសមត្ថភាព ចំណេះវិជ្ជា ចំណេះជំនាញឲ្យច្បាស់លាស់ ហើយត្រូវមាន ភាពស្មោះត្រង់ ជំនឿទុកចិត្ត និងការអំណត់ព្យាយាមក្នុងការរៀនសូត្រ និងបំពេញកិច្ចការងារ ។

ឯកឧត្តម ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានក្រើនរំលឹកដល់ប្អូនៗសិស្សានុសិស្សទាំងអស់ កុំប្រើប្រាស់ពេលវេលាច្រើនដើរលេង មើលទូរសព្ទ័ ត្រូវប្រើប្រាស់ពេលវាលាច្រើនក្នុងការអានសៀវភៅ និងសិក្សារៀនសូត្រ ។ ត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀន បើសិនជាយើងប៉ះពាល់ប្រើប្រាស់គ្រឿងញៀន វានឹងធ្វើអោយអ្វីដែលជាសេចក្តីប៉ងប្រាថ្នារបស់ ឳពុក ម្តាយ យើងគឺចប់សព្វគ្រប់តែម្តង ព្រោះគ្រឿងញៀនបានបំផ្លាញទឹកចិត្តរបស់គាត់ បំផ្លាញនូវសុខភាពរបស់យើង និងធ្វើអោយបាត់បង់តំលៃជាមនុស្ស មិនអាចធ្វើអ្វីបានដើម្បីឲ្យមានអនាគតល្អបាននោះឡើយ។

គូររំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជានៅក្នុងអាណត្តិទី៧ នេះ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់លើការអប់រំ និង ការបណ្តុះបណ្តាលដើម្បីបង្កើនធនធានមនុស្ស ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍប្រទេស ដោយរាជរដ្ឋាភិបាលបានបន្តខិតខំកែទម្រង់វិស័យអប់រំគ្រប់កម្រិត រួមទាំងការដាក់ចេញគោលនយោបាយ និងវិធានគន្លឹះនានា ឱ្យអនុវត្តសម្រាប់បង្កើនគុណភាពអប់រំ ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងតម្លាភាព ដើម្បីធានាឱ្យបាននូវកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងភាពធន់ ក្នុងគោលបំណងលើកកម្ពស់នូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរបន្ថែមទៀត៕