ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបអគ្គនាយក CDTV ប្រទេសចិន ក្នុងឱកាសបញ្ចប់បេសកកម្មការងារនៅកម្ពុជា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យលោក HUANG JIANG អគ្គនាយកក្រុមហ៊ុន CDTV ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា និងត្រៀមផ្លាស់ប្តូរទៅបំពេញការងារនៅប្រទេសចិនវិញនាពេលឆាប់ៗខាងមុខ។

ក្នុងជំនួបនេះ លោក HUANG JIANG បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីស្ថានភាពអាជីវកម្ម ក៏ដូចជាលទ្ធផលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន CDTV ក្នុងអំឡុងពេលបំពេញប្រតិបត្តិការនៅកម្ពុជា។ លោកក៏បានសម្តែងនូវការថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK) ដែលតែងតែផ្តល់ការគាំទ្រ សម្របសម្រួល និងមានកិច្ចសហការល្អជាមួយក្រុមហ៊ុន CDTV នាពេលកន្លងមក។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសម្តែងការកោតសរសើរ និងអរគុណចំពោះលោក HUANG JIANG ដែលបានចូលរួមចំណែកពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការរវាងស្ថាប័នព័ត៌មាន និងសោតទស្សន៍កម្ពុជា ជាមួយដៃគូចិន ក្នុងអំឡុងពេលបំពេញការងារនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចសហការរវាង TVK និង CDTV នាពេលកន្លងមក បានផ្តល់នូវលទ្ធផលវិជ្ជមាន និងបានក្លាយជាមូលដ្ឋានដ៏ល្អសម្រាប់ការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យភាគីពាក់ព័ន្ធបន្តរក្សា និងបង្កើនកម្រិតនៃកិច្ចសហការរវាង ទូរទស្សន៍ជាតិកម្ពុជា (TVK) និង CDTV ឱ្យកាន់តែស៊ីជម្រៅ ជាពិសេសតាមរយៈការរៀបចំ និងផលិតកម្មវិធីរួមគ្នា ដែលមានគុណភាព និងផ្តល់ប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងជួយលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌ ប្រពៃណី សង្គម និងសក្តានុពលរបស់កម្ពុជា និងចិន។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការផ្លាស់ប្តូរភារកិច្ចរបស់លោក HUANG JIANG មិនមែនជាការបញ្ចប់ទំនាក់ ទំនងនោះទេ ប៉ុន្តែជាឱកាសសម្រាប់បន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពបន្ថែមទៀត។ ឯកឧត្តមបានបង្ហាញជំនឿថា ទំនាក់ទំនងល្អដែលបានកសាងឡើងក្នុងអំឡុងពេលកន្លងមក នឹងបន្តជំរុញឱ្យមានកិច្ចសហការថ្មីៗ និងគម្រោងផលិតកម្មវិធីរួមគ្នាដែលកាន់តែមានភាពច្នៃប្រឌិត និងទូលំទូលាយ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរលោក HUANG JIANG ឱ្យទទួលបានជោគជ័យក្នុងបេសកកម្មថ្មីនៅប្រទេសចិន និងសង្ឃឹមថា លោកនឹងបន្តជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ន និងក្រុមហ៊ុនទាំងពីរ ព្រមទាំងរួមចំណែកក្នុងការពង្រឹងចំណងមិត្តភាព និងការយោគយល់គ្នារវាងប្រជាជនកម្ពុជា និងចិន៕