ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បិទសិក្ខាសាលាស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដើម្បីផ្តល់នូវគោលគំនិតក្នុងការបង្កើតផែនការសកម្មភាពដ៏មានប្រសិទ្ធភាព ដោយអាចវាស់វែងបាន និងកំណត់ពេលវេលាតាមការងារផ្ទាល់ខ្លួន

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បិទសិក្ខាសាលាស្តីពីការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដើម្បីផ្តល់នូវគោលគំនិតក្នុងការបង្កើតផែនការសកម្មភាពដ៏មានប្រសិទ្ធភាព ដោយអាចវាស់វែងបាន និងកំណត់ពេលវេលាតាមការងារផ្ទាល់ខ្លួន,

( ភ្នំពេេញ )៖ បន្ទាប់ពីដំណើរការអស់រយៈពេលពីរថ្ងៃរួចមក អង្គសិក្ខាសាលាស្តីពី ការកសាងផែនការសកម្មភាពសម្រាប់អនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ រៀបចំដោយក្រសួងព័ត៌មាន បានប្រារព្ធពិធីបិទនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នាទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធាន គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ គ.គ.ផ.។

តាមរយៈដំណើរការអង្គសិក្ខាសាលានេះ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ អស់លោក លោកស្រី ជាមន្ត្រី ជំនាញកំពុងបំពេញតួនាទីតាមបណ្តាអគ្គនាយកដ្ឋានចំណុះឲ្យក្រសួងព័ត៌មាន បានទទួលចំណេះដឹង និងបទពិសោធន៍ជាច្រើន

ដើម្បីធានាគ្រប់អង្គភាពចំណុះក្រសួងទាំងអស់ មានផែនការសកម្មភាពច្បាស់លាស់ អាចវាស់ វែងបាន និងមានតម្រូវការថវិកាជាក់លាក់ ស្របតាមទិសដៅយុទ្ធសាស្ត្រទាំង៥ នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យ ព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨។

ទន្ទឹមនេះ ក៏ជាការលើកកម្ពស់ការយល់ដឹង និងភាពប្រទាក់ក្រឡា នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ និងក្របខ័ណ្ឌអនុវត្តតាមអង្គភាព ហើយផ្តល់នូវគោលគំនិតក្នុងការបង្កើតផែនការសកម្មភាពដ៏មានប្រសិទ្ធភាព ដោយអាចវាស់វែងបាន និងកំណត់ពេលវេលាតាមការងារផ្ទាល់ខ្លួន ។ ជាមួយនេះក៏ជាការកំណត់នូវចង្កោមសកម្មភាពការងាររបស់អង្គភាព ស្របតាមអាទិភាព និងលក្ខខណ្ឌ។ 

តាមរយៈអនុសាសន៍សំខាន់ៗជាច្រើនដែលបានលើកបង្ហាញដោយ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានជំរុញឲ្យមានការពង្រឹងសមត្ថភាពអង្គភាពក្នុងការត្រួតពិនិត្យ វាយតម្លៃ និងរាយការណ៍អំពីការអនុវត្តសកម្មភាទៅមកហើយបង្កើននូវភាពប្រទាក់ក្រឡាក្នុងការងារដែលមានលក្ខណៈជាប្រព័ន្ធ និងយល់ច្បាស់ពីការបំពេញឱ្យគ្នាទៅវិញ។

អង្គសិក្ខាសាលាដ៏មានសារៈសំខាន់នេះបានធ្វើឡើង បន្ទាប់ពីក្រសួងព័ត៌មាន កាលពីខែសីហា ឆ្នាំ២០២៤ បានអនុម័តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និង សោតទស្សន៍ ឆ្នាំ២០២៤-២០២៨ ដែលជាឯកសារយុទ្ធសាស្ត្រក្នុងការកំណត់នូវភារកិច្ចចម្បងស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤- ២០២៨ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ បានផ្តោតជាសំខាន់លើការធ្វើទំនើបកម្មស្ថាប័ន ការរៀបចំច្បាប់និងបទដ្ឋានបច្ចេកទេស ការអភិវឌ្ឍន៍ធនធានមនុស្ស ការគ្រប់គ្រងលំហព័ត៌មាន និងភាពជាដៃគូបរិយាប័ន្ន។

ឯកសារផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងព័ត៌មាន គឺជាផែនការអាណត្តិកាលសម្រាប់រយៈពេល៥ឆ្នាំ ដែលត្រូវបានរៀបចំដើម្បីចូលរួមលើកកម្ពស់ការដ្ឋានកំណែទម្រង់របស់រាជរដ្ឋាភិបាល លើវិស័យព័ត៌មាន និងសោតទស្សន៍ ក្នុងគោលបំណងជំរុញការកសាង និងអភិវឌ្ឍធនធានមនុស្ស រក្សានូវសណ្តាប់ធ្នាប់សារព័ត៌មាន បង្កើនគុណភាពមាតិកា ខ្លឹមសារ និងការផលិត ។

គណៈកម្មាធិការរៀបចំគោលនយោបាយ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍របស់ក្រសួងព័ត៌មាន ត្រូវបានបង្កើតឡើង ដើម្បីដឹកនាំ និងតម្រង់ទិសការសិក្សាស្រាវជ្រាវ និងរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រ ព្រមទាំងវិភាគ ផ្តល់យោបល់ និងផ្តល់ទស្សនាទានលើបញ្ហាប្រឈម និងឱកាសផ្អែកលើមូលដ្ឋានសេដ្ឋកិច្ច សង្គម និងនយោបាយ ដើម្បីពង្រីកសក្តានុភាព តាមរយៈការរៀបចំកម្មវិធី/សកម្មភាពឆ្លើយតបនឹងតម្រូវការក្នុងវិស័យព័ត៌មាន និងសោតទស្សន៍។

ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ឆ្នាំ២០២៤-២០២៨ ត្រូវបានរៀបចំឡើងដើម្បីកំណត់ពីការរួមចំណែកគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ គោលនយោបាយរដ្ឋាភិបាល ឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ ២០២៤-២០២៨៕