ឯកឧត្តម នេត្រ ភក្ត្រា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានធ្វើការអំពាវនាវដល់ក្រុមការងាររដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក អាជ្ញាធរខេត្ត និងមូលដ្ឋានចូលរួមផ្សព្វផ្សាយពីការទប់ស្កាត់ជំងឺមិនឆ្លង ពីព្រោះបច្ចុប្បន្នអត្រាជំងឺមិនឆ្លងបានកើតឡើងច្រើននៅកម្ពុជា

(ក្រចេះ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានអំពាវនាវដល់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អាជ្ញាធរដែនដីខេត្តក្រចេះ និងអាជ្ញាធរមូលដ្ឋាន ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយពីការបង្ការ និងទប់ស្កាត់ ជំងឺមិនឆ្លង ដូចជាដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺសរសៃឈាម និងជំងឺបេះដូង ពីព្រោះបច្ចុប្បន្ននេះកើតឡើងច្រើន និងអត្រាស្លាប់នៃជំងឺមិនឆ្លងនេះ ដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ តាមរយៈការគិតគូរពីរបបអាហារហូបចុកប្រចាំថ្ងៃ ត្រូវពិសា តិចអំបិល តិចស្ករ និងតិចខ្លាញ់, ការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរខួបលើកទី១៦២ ( ៨ ឧសភា ២០២៥) ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍ មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ» ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ នាសាលមហោស្រពខេត្តក្រចេះ ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កត្តាដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា កើតជំងឺមិនឆ្លងច្រើនដោយសារតែប្រជាពលរដ្ឋមួយចំនួនមិនសូវទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងព្យាបាលបានទាន់ពេលវេលា ។ ជំងឺមិនឆ្លង កើតឡើងដោយសារកត្តាហានិភ័យពាក់ព័ន្ធនឹងរបបអាហារដែលគ្មានសុខុមាលភាព ការប្រើប្រាស់ថ្នាំជក់ កង្វះសកម្មភាពរាងកាយ និងការប្រើប្រាស់គ្រឿងស្រវឹង។ ទន្ទឹមនេះឥរិយាបថដែលគ្មានសុខុមាលភាព ចូលរួមចំណែកធ្វើឱ្យមានកត្តាហានិភ័យផ្នែកជីវសាស្ត្រពាក់ព័ន្ធ រួមមាន ការឡើងសម្ពាធឈាម ការកើនឡើងជាតិស្ករ និងកូឡេស្តេរ៉ុលក្នុងឈាម ការលើសទម្ងន់ ភាពធាត់ និងការប្រែប្រួលប្រជាសាស្ត្រក៏ជាកត្តាចូលរួមចំណែកឱ្យកើតមានជំងឺមិនឆ្លង។
ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានធ្វើការណែនាំដល់ក្រុមការងារចុះមូលដ្ឋាន អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ក្នុងខេត្តក្រចេះ ត្រូវផ្សព្វផ្សាយ អប់រំ ណែនាំឱ្យបានទូលំទូលាយពីបញ្ហាសុខភាពបន្តពូជ ហើយត្រូវពន្យល់អោយបានច្បាស់ពីគ្រោះថ្នាក់ពីការរំលូតកូនដោយខុសបច្ចេកទេស។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ាណែត នៅក្នុងអាណត្តិទី៧ នេះ សម្រេចបាននូវសមិទ្ធផលជាច្រើនដោយបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទូទាំងប្រទេស ឱ្យមានភាពល្អប្រសើរឡើងជាលំដាប់ ជាពិសេសគិតគូរខ្ពស់ពីសុខុមាលភាព និងជីវិតរបស់ប្រជាពលរដ្ឋ ដែលជាកិច្ចការងារអាទិភាពរបស់រាជរដ្ឋាភិបាល។
បេឡាជាតិសន្តិសុខសង្គម ប.ស.ស. ត្រូវពង្រឹងកិច្ចសហការ ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការផ្សព្វផ្សាយពីគុណតម្ល នៃបណ្ណ ប.ស.ស. និងត្រូវធានាប្រសិទ្ធភាព, ស័ក្ដិសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងសុក្រឹតភាព នៃកិច្ចប្រតិបត្តិការការងារ ដើម្បីរួមគ្នាជំរុញ ការផ្តល់សេវាសុខាភិបាលជូនសមាជិក ប.ស.ស. ឱ្យបានទាន់ពេល និងប្រកបដោយគុណភាព។ រាជរដ្ឋាភិបាល បាន រៀបចំ និងដាក់ចេញនូវ ក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០២៤-២០៣៥ ដែលមានចក្ខុវិស័យ រយៈពេលវែង ក្នុងការផ្ដល់ការគាំពារដល់ពលរដ្ឋគ្រប់រូប ទល់នឹងអសន្តិសុខ ប្រាក់ចំណូល ក្នុងពេលប្រឈមនឹងហានិភ័យនានា ក្នុងដំណាក់កាលនីមួយៗនៃវដ្ដជីវិត សំដៅលើកកម្ពស់សុខភាព និងសុខុមាលភាព កាត់បន្ថយភាពក្រីក្រ វិសមភាពយេនឌ័រ និងវិសមភាពសង្គម ព្រមទាំងពង្រឹងសាមគ្គីភាព ស្ថិរភាព និងសមធម៌ក្នុងសង្គម។
យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក នៅកម្ពុជា ជំងឺមិនឆ្លងមានលើស ៦០% នៃចំនួនអត្រាមរណៈភាពសរុប ក្នុងនោះ ជំងឺសរសៃឈាមបេះដូង គឺជាមូលហេតុចម្បងនៃការស្លាប់ និងពិការភាព។
ជំងឺមិនឆ្លង ជាជំងឺដែលវិវឌ្ឍខ្លួនយ៉ាងស្ងាត់នៅក្នុងខ្លួនប្រាណមនុស្ស ដោយមិនបង្ហាញរោគសញ្ញាអ្វីដែលគួរកក់សម្គាល់បានលឿននោះទេ ដូច្នេះបើចាំរហូតទាល់តែលេចឡើងនូវសញ្ញាហើយនោះ វាអាចនឹងហួសពេល និងព្យាបាលមិនជា ជាក់ស្តែងដូចជំងឺមហារីកជាដើម ដូច្នេះហើយទើបទាមទារឱ្យបងប្អូនប្រជាពលរដ្ឋ គួរតែទៅពិនិត្យសុខភាពជាប្រចាំ ព្រោះថាជំងឺមិនឆ្លងនេះ អាចបង្ការបានទាន់ពេល៕