ឯកឧត្តម នេត្រ ភក្ត្រា និងលោកជំទាវ ទុយ សិរីរតនៈ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន កាន់បិណ្ឌវេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ទុយ សិរីរតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី១១ នៅវត្តព្រះពុទ្ធឃោសាចារ្យ (វត្តចិនដំដែក) ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយសទ្ធាជ្រះថ្លា និងសាមគ្គីភាព ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើនរូប។ ក្នុងឱកាសនោះ មានការរៀបចំពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា ព្រមទាំងប្រគេនចង្ហាន់ និងទេយ្យទានដល់ព្រះសង្ឃ។

ការរៀបចំពិធីបុណ្យកាន់បិណ្ឌនេះ មានគោលបំណងធ្វើបុណ្យធ្វើទាន សន្សំកុសល និងឧទ្ទិសកុសលផលបុណ្យជូនបុព្វការីជន និងញាតិការទាំង ៧ សន្តាន ដែលបានទទួលមរណភាពទៅកាន់លោកខាងមុខ ព្រមទាំងជាការបង្ហាញនូវការគោរពដឹងគុណចំពោះអ្នកមានគុណ និងការរក្សាខ្ជាប់នូវជំនឿ និងទំនៀមទម្លាប់តាមព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ ការចូលរួមពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ក៏ជាការចូលរួមថែរក្សា និងលើកតម្កើងប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរ ដែលបានបន្តពីជំនាន់មួយទៅជំនាន់មួយ និងមានសារៈសំខាន់ក្នុងការបណ្តុះស្មារតីសាមគ្គីភាព ការចែករំលែក និងការគោរពដឹងគុណចំពោះបុព្វការីជន។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ តែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ដោយពុទ្ធសាសនិកជននាំគ្នាទៅកាន់វត្តអារាមនានា ដើម្បីប្រគេនចង្ហាន់ ធ្វើទាន ស្តាប់ធម៌ និងឧទ្ទិសកុសលជូនដល់បុព្វការីជន និងញាតិមិត្តដែលបានទទួលមរណភាព៕