ឯកឧត្តម នេត្រ ភក្ត្រា និងថ្នាក់ដឹកនាំមន្ត្រីរាជការក្រសួងព័ត៌មាន អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តនាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ,

(ខេត្តព្រះវិហារ)៖  ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រធានមន្ទីរព័ត៌មានតាមបណ្តាខេត្ត រាជធានី ព្រមទាំងសប្បុរសជននានា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង ពលទាហាន និងកងកម្លាំងប្រដាប់អាវុធកំពុងឈរជើងនៅខ្សែត្រៀមជួរមុខការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ, 

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ នាបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាននាំយកនូវថវិកា ស្បៀងអាហារ និងថ្នាំពេទ្យ ធ្វើការចែកជូនដល់កងកម្លាំងជួរមុខកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន កម្ពុជា ថៃ ។ កាយវិការនេះ គឺជាការលើកទឹកចិត្ត និងពង្រឹងស្មារតីដ៏សំខាន់សម្រាប់កងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្មនៅតាមបណ្ដោយព្រំដែនបានរឹងមាំ ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងព័ត៌មាន រួមទាំងសប្បុរសជនទាំអស់ សូមសម្តែងនូវការគោរព និងកោតសរសើរចំពោះការលះបង់គ្រប់បែបយ៉ាងរបស់កងទ័ពកម្ពុជាទាំងអស់ ក្នុងបុព្វហេតុរក្សា ការពារបូរណភាពទឹកដី និងប្រជាពលរដ្ឋ ។

សូមគោរពជូនពរ និង បួងសួងដល់អស់ទេវតា និងវត្ថុសក្កិសិទ្ធិក្នុងព្រះរាជាណាចក្រកម្ពុជា  ប្រទានពរជ័យដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងកម្លាំងពលំមាំមួន ព្រមទាំងយកឈ្នះគ្រប់មារសត្រូវ និងសមរភូមិ ៕