ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការទី៣ សារព័ត៌មាន និងផ្សព្វផ្សាយ ដើម្បីធ្វើបច្ចុប្បន្នភាពការងារក្នុងការត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានការចូលរួមពីសមាជិកប្រមាណជា ៩០ប្រទេសជុំវិញពិភពលោក និងអ្នកសារព័ត៌មានអន្តរជាតិជាង ១ពាន់នាក់,

ការរៀបចំកិច្ចប្រជុំកំពូល នៃបណ្តាប្រទេសនិយាយភាសាបារាំង លើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដើម្បីពង្រឹងចំណងការទូតជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលពីប្រទេសប្រមាណ៩០ ជាសមាជិកពេញសិទ្ធិ និងអ្នកសង្កេតការណ៍ នៃបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី)
(ភ្នំពេញ)៖ កិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើបច្ចុប្បន្នភាពការងារត្រៀមរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ របស់អនុគណ:កម្មការទី៣ នៃគណ:កម្មការជាតិរៀបចំកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានអនុគណ:កម្មការទី៣ បានធ្វើឡើងនៅព្រឹថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នា សាលប្រជុំព្រះវិហារ ទីស្តីការក្រសួង ។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ គឺការត្រៀមមលក្ខណៈនូវរាល់កិច្ចការងារសំខាន់ៗមួយចំនួន ដើម្បីអោយអនុគណៈកម្មការទី៣ បំពេញបានជោគជ័យនូវរាល់ភារកិច្ចទាំង ៩ចំណុច ដែលទទួលខុសត្រូវ តាមរយៈការចូលរួមពីស្ថាប័នពាក់ព័ន្ធដើម្បីធ្វើការអនុវត្តឲ្យល្អ។
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីកិច្ចការងារសំខាន់ចំនួនៗ ៩ចំណុចដែល អនុគណៈកម្មការទី៣ ត្រូវធ្វើ គឺការរៀបចំចងក្រង និងផ្សព្វផ្សាយព័ត៌មានឲ្យបានទូលំទីលាយអំពីប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦,រៀបចំ និងផ្សព្វផ្សាយព័ត៌មានអំពីកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងព្រឹត្តការណ៍អម, រៀបចំ និងគ្រប់គ្រងមជ្ឈមណ្ឌលសារព័ត៌មាន សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ និងផ្សព្វផ្សាយពីលទ្ធផលនៃកិច្ចប្រជុំ ហ្រ្វង់កូហ្វូនី , សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាននៅមុន អំឡុងពេល និងក្រោយកិច្ចប្រជុំ ហ្រ្វង់កូហ្វូនី , ធ្វើការទាក់ទងជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ដើម្បីផ្សព្វផ្សាយពីកិច្ចប្រជុំកំពូល ហ្រ្វង់កូហ្វូនី ទៅកាន់ពិភពលោក, គ្រប់គ្រង និងចុះឈ្មោះសម្រាប់ការចេញបណ្ណសម្គាល់ជូនដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ, គ្រប់គ្រងរាល់ការងារពាក់ព័ន្ធនឹងសារព័ត៌មានផ្សព្វផ្សាយ និងគេហទំព័រសម្រាប់ចុះឈ្មោះអ្នកសារព័ត៌មាន, គ្រប់គ្រង និងសម្របសម្រួលអ្នកសារព័ត៌មាន ក៏ដូចជាសំណូមពររបស់អ្នកសារព័ត៌មាន, រៀបចំធ្វើបទបង្ហាញជូនដល់អង្គទូតពាក់ព័ន្ធការងារផ្សព្វផ្សាយព័ត៌មាន ។
ឯកឧត្តម ប្រធានអនុគណ:កម្មការទី៣ បានគូសបញ្ជាក់ថា ទិសដៅសំខាន់ក្រៅពីការផ្សព្វផ្សាយពីសារៈសំខាន់នៃកិច្ចប្រជុំ គឺការផ្សព្វផ្សាយពីកម្ពុជា ទៅកាន់ពិភពលោក តាមរយៈអ្នកសារព័ត៌មានដែលអញ្ជើញមកជាមួយគណៈប្រតិភូ ឬតាមស្ថាប័ន ទីភ្នាក់ងារសារព័ត៌មានផ្សេងៗទៀត។
អ្វីដែលសំខាន់នោះគឺ ផ្សព្វផ្សាយពីសក្តានុពលនៃប្រទេសកម្ពុជា ក្រោមម្លប់សុខសន្តិភាព បន្ទាប់ពីការអនុវត្តនូវគោលនយោបាយឈ្នះ ឈ្នះ តាំងពីឆ្នាំ១៩៩៨ មក រហូតមកដល់ពេលនេះមានរយៈពេល ២៧ឆ្នាំ ដែលកម្ពុជាទទួលសុខសន្តិភាពពេញលេញ នឹងបង្ហាញពីតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ ។
ឯកឧត្តម ប្រធាន ក៏បានបញ្ជាក់ពីគោលដៅចម្បងរបស់អនុគណ:កម្មការទី៣ គឺកិច្ចការងារផ្សព្វផ្សាយ និងធ្វើកិច្ចសហការជាមួយប្រព័ន្ធផ្សព្វផ្សាយទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជួយជំរុញការផ្សព្វផ្សាយអំពីសក្តានុពលរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាក អន្តរជាតិ។

សូមជម្រាបជូនថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាជំនួបរវាងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលជាសមាជិកអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង (OIF) ដើម្បីពិភាក្សា ផ្លាស់ប្តូរយោបល់លើបញ្ហាផ្សេងៗដូចជា នយោបាយអន្តរជាតិ សេដ្ឋកិច្ចពិភពលោក កិច្ចសហប្រតិបត្តិការហ្វ្រង់កូហ្វូនី សិទ្ធិមនុស្ស អប់រំ វប្បធម៌ និងប្រជាធិបតេយ្យ ជាដើម។
កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ដែលគ្រោងធ្វើនៅខេត្តសៀមរាប គឺជាលើកទីមួយក្នុងរយៈពេលជិតបីទសវត្សរ៍ចុងក្រោយនេះ ដែលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវបានរៀបចំឡើងនៅតំបន់អាស៊ីអាគ្នេយ៍ ។
កិច្ចប្រជុំនេះ ជាដំណាក់កាលដ៏សំខាន់មួយនៅក្នុងដំណើរការរៀបចំ និងបង្ហាញឆន្ទៈដ៏មុតមាំរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យកិច្ចប្រជុំកំពូលនៅកម្ពុជាក្លាយជាព្រឹត្តិការណ៍ដ៏លេចធ្លោដើម្បីលើកកម្ពស់អង្គការហ្វ្រង់កូហ្វូនីនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ព្រមទាំងបញ្ជាក់ពីការតាំងចិត្តរបស់កម្ពុជាចំពោះគុណតម្លៃ និងភាពរស់រវើកនៃសហគមន៍ហ្រ្វង់កូហ្វូន ៕