ឯកឧត្តម នេត្រ ភក្ត្រា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពង្រឹងកិច្ចសហការក្នុងការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយបានកាន់តែទូលំទូលាយ,
( ភ្នំេពេញ )៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នាទីស្តីការក្រសួង បានទទួលពិភាក្សាការងារជាមួយ ឯកឧត្តម គីម វីរៈ អគ្គលេខាធិការ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីពង្រឹងកិច្ចសហការក្នុងការពង្រីកការផ្សព្វផ្សាយព័ត៌មានស្តីពីកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ បានកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋ ដែលជាការងារសំខាន់ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ។
ឯកឧត្តម គីម វីរៈ ថ្លែងការអរគុណដល់
ក្រសួងព័ត៌មាន ដែលបានមើលឃើញយ៉ាងច្បាស់ពីតួនាទីគន្លឹះរបស់វិស័យព័ត៌មាន ក្នុងកិច្ចការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយ ហើយកន្លងមកនេះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក្រសួងព័ត៌មាន បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារកាត់បន្ថយហានិភ័យគ្រោះ មហន្តរាយរបស់ជាតិ។
ឯកឧត្តម អគ្គលេខាធិការបានបញ្ជាក់ដែរថា កន្លងមកនេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តែងតែទទួលបានកិច្ចសហប្រតិបត្តិការល្អពី ក្រសួងព័ត៌មាន ដោយក្រសួងចូលរួមក្នុងការរៀបចំផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ, ការផ្សព្វផ្សាយព័ត៌មានអំពីស្ថានភាពគ្រោះមហន្តរាយដែលកើតឡើង,ការសហការរៀបចំ ការអនុវត្ត និងការផ្សព្វផ្សាយព័ត៌មាននៅក្នុងព្រឹត្តិការណ៍ជាតិ និង អន្តរជាតិសំខាន់ៗជាច្រើនទៀតផងដែរ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហការជាមួយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងការផលិតកម្មវិធី និងផ្សព្វផ្សាយបានកាន់តែលឿន រហ័ស ទាក់ទងពីហានិភ័យនៃគ្រោះមហន្តរាយ ពិសេសផ្សាយពីការជូនដំណឹងផ្សេងៗរបស់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធស្តីពីវិធានការ ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយ,សុវត្ថិភាពនៅកន្លែងការងារ និងការឆ្លើយតបគ្រោះអាសន្ននៃគ្រោះមហន្តរាយផ្សេងៗ និងកិច្ចការស្ថារឡើងវិញក្រោយគ្រោះមហន្តរាយ៕



