ឯកឧត្តម នេត្រ ភក្ត្រា កោតសរសើរលោក ទីវ តារារិទ្ធ ដែលប្រែក្លាយកង់មួយគ្រឿងទៅជានិមិត្តរូបនៃក្តីសង្ឃឹម និងសារមនុស្សធម៌ជូនកុមារកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងកោតសរសើរជាថ្មីចំពោះលោក ទីវ តារារិទ្ធ ដែលបានបំពេញបេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» ប្រកបដោយជោគជ័យ និងបាននាំយកស្មារតីមនុស្សធម៌ ក្តីស្រឡាញ់ និងការចូលរួមចំណែកដល់សង្គម តាមរយៈដំណើរជិះកង់ដ៏មានអត្ថន័យ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា លោក ទីវ តារារិទ្ធ មិនត្រឹមតែជិះកង់ឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយប៉ុណ្ណោះទេ ប៉ុន្តែបានប្រែក្លាយ កង់មួយគ្រឿងទៅជាយាននៃក្តីសង្ឃឹម ប្រែក្លាយដំណើរមួយទៅជាសារមនុស្សធម៌ និងប្រែក្លាយឆន្ទៈរបស់បុគ្គលម្នាក់ទៅជាមោទនភាពរបស់ប្រជាជាតិមួយ។
ការថ្លែងកោតសរសើរនេះធ្វើឡើងក្នុងឱកាស ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញជាអធិបតីសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយអំពីការបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» របស់លោក ទីវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក ដែលបានបំពេញបេសកកម្មដ៏អស្ចារ្យ ដោយជិះកង់ឆ្លងកាត់ជាង ៤០ប្រទេស អស់រយៈពេលជាង ២ឆ្នាំ ក្នុងគោលបំណងរៃអង្គាសថវិកា ដើម្បីគាំទ្រដល់ មូលនិធិគន្ធបុប្ផាកម្ពុជា និង មន្ទីរពេទ្យកុមារអង្គរ សរុបទួួលបានថវិកាជាង ២៦មុឺនដុល្លារអាមរិក។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នាទីស្តីការក្រសួងព័ត៌មាន ថា លោក ទីវ តារារិទ្ធ បានប្រែក្លាយកង់មួយគ្រឿង ទៅជាយាននៃក្តីសង្ឃឹម ប្រែក្លាយដំណើរមួយ ទៅជាសារមនុស្សធម៌ និងប្រែក្លាយឆន្ទៈរបស់បុគ្គលម្នាក់ ទៅជាមោទនភាពរបស់ប្រជាជាតិមួយ។
ភាពជោគជ័យនៃបេសកកម្មនេះ បានបង្ហាញថា មនុស្សម្នាក់អាចចាប់ផ្តើមអំពើល្អមួយ ប៉ុន្តែអំពើល្អនោះអាចរីករាលដាលទៅជាចលនារបស់មនុស្សរាប់ពាន់ រាប់ម៉ឺននាក់។ នេះជាកម្លាំងនៃការចែករំលែក កម្លាំងនៃសាមគ្គីភាព និងកម្លាំងនៃសង្គមដែលមិនទុកឱ្យអ្នកណាម្នាក់តស៊ូតែម្នាក់ឯង។
តាមរយៈបេសកកម្មរបស់លោក ទីវ តារារិទ្ធ គឺជាគំរូដ៏ល្អនៃការលះបង់ ការតស៊ូ និងការប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន ដើម្បីបង្កើតផលប្រយោជន៍ជូនសង្គម ជាពិសេសសម្រាប់កុមារកម្ពុជា។ ទង្វើនេះបានបង្ហាញយ៉ាងច្បាស់ថា មនុស្សម្នាក់អាចបង្កើតការផ្លាស់ប្តូរដ៏មានអត្ថន័យ ប្រសិនបើមានឆន្ទៈ មនសិការ និងបេះដូងពោរពេញដោយមនុស្សធម៌។
បេសកកម្មរបស់លោក ទីវ តារារិទ្ធ គឺជារឿងរ៉ាវមួយដែលសក្តិសមនឹងត្រូវបានផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ នេះជាគំរូនៃការយកកម្លាំងកាយមកបម្រើបុព្វហេតុមនុស្សធម៌ យកការតស៊ូមកបង្កើតក្តីសង្ឃឹម និងយកដំណើរផ្ទាល់ខ្លួនមកបង្កើតជាចលនាសង្គម។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា សកម្មភាពមនុស្សធម៌មិនត្រូវបានវាស់វែងត្រឹមទំហំថវិកាប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានវាស់វែងដោយទំហំទឹកចិត្ត។ ការបរិច្ចាគតិចតួចរបស់មនុស្សជាច្រើន អាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់ជួយសង្គ្រោះជីវិតមនុស្ស។
ដូច្នេះហើយ ការជួយដល់កុមារ គឺជាការជួយដល់អនាគតរបស់ជាតិ។ ការចូលរួមគាំទ្រមន្ទីរពេទ្យកុមារ គឺជាការចូលរួមថែរក្សាធនធានមនុស្សដ៏មានតម្លៃបំផុតរបស់ប្រទេស។ រាល់ការបរិច្ចាគ ទោះតិចឬច្រើន មិនត្រឹមតែជាថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាក្តីសង្ឃឹម ជាឱកាសនៃការរស់រានមានជីវិត និងជាកម្លាំងចិត្តសម្រាប់កុមារ និងក្រុមគ្រួសាររបស់ពួកគេ។
ឯកឧត្តម អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រែក្លាយភាពជោគជ័យនៃបេសកកម្មនេះ ទៅជាកម្លាំងថ្មីនៃអំពើល្អ។ សូមកុំឱ្យការបញ្ចប់នៃដំណើរជិះកង់ ក្លាយជាការបញ្ចប់នៃបេសកកម្មមនុស្សធម៌។ ផ្ទុយទៅវិញ សូមឱ្យវាក្លាយជាចំណុចចាប់ផ្តើមនៃការចូលរួមថ្មីៗ ការបរិច្ចាគថ្មីៗ និងក្តីសង្ឃឹមថ្មីៗសម្រាប់កុមារកម្ពុជា៕







