ឯកឧត្តម នេត្រ ភក្ត្រា៖ អ្នកសារព័ត៌មានជាង ១ ៣០០ នាក់ មកពីជាង ៤០ ប្រទេស ជាស្ពាននាំយករូបភាពកម្ពុជាទៅកាន់ពិភពលោក តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី

រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៦ បានទាក់ទាញការចូលរួមពីអង្គភាពសារព័ត៌មានជាតិ និងអន្តរជាតិចំនួន ៣០៣ មកពីជាង ៤០ ប្រទេស ដោយមានអ្នកសារព័ត៌មាន និងមន្ត្រីបច្ចេកទេសផ្សព្វផ្សាយសរុបចំនួន ១ ៣៦៧ នាក់ ដែលជាកម្លាំងដ៏សំខាន់ក្នុងការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះទៅកាន់ពិភពលោក។

ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសហ្វ្រង់កូហ្វូនីលើកទី៤៨ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមអង្គភាពសារព័ត៌មានដែលបានចុះឈ្មោះចូលរួម គឺមានប្រព័ន្ធផ្សព្វផ្សាយជាតិចំនួន ១១៧ អង្គភាព ដែលមានអ្នកចូលរួម ៦៧៦ នាក់ និងស្ថាប័នសារព័ត៌មានអន្តរជាតិចំនួន ១៨៦ ស្ថាប័ន ដែលមានអ្នកចុះឈ្មោះ ៤២១ នាក់ ព្រមទាំងមន្ត្រីទទួលបន្ទុកបច្ចេកទេសផ្សព្វផ្សាយចំនួន ២៧០ នាក់។

ឯកឧត្តមបានបញ្ជាក់ដែរថា ការចូលរួមយ៉ាងច្រើនកុះកររបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានបង្ហាញពីទំហំ និងសារៈសំខាន់នៃព្រឹត្តិការណ៍អន្តរជាតិនេះ ព្រមទាំងបង្កើតឱកាសដ៏មានតម្លៃសម្រាប់កម្ពុជាក្នុងការបង្ហាញអត្តសញ្ញាណជាតិ អរិយធម៌ វប្បធម៌ ប្រពៃណី ទេសចរណ៍ និងសក្តានុពលរបស់ខ្លួនទៅកាន់សាធារណជនអន្តរជាតិ តាមរយៈការរាយការណ៍ និងការផ្សព្វផ្សាយរបស់ប្រព័ន្ធសារព័ត៌មានពីបណ្តាប្រទេសនានា។

តាមរយៈព្រឹត្តការណ៍ជាប្រវត្តិសាស្ត្រលើកទី១ សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ មិនត្រឹមតែជាវេទិកាការទូតពហុភាគីដ៏សំខាន់មួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសប្រវត្តិសាស្ត្រដែលអនុញ្ញាតឱ្យកម្ពុជាបង្ហាញមុខមាត់ពិតរបស់ខ្លួនទៅកាន់ពិភពលោក តាមរយៈការចូលរួមរបស់ថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកសារព័ត៌មានអន្តរជាតិ ដែលនឹងចូលរួមកត់ត្រា និងផ្សព្វផ្សាយពីដំណើរការនៃព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ដូច្នេះហើយ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ ក៏ជាសក្ខីភាពបង្ហាញពីការជឿទុកចិត្តរបស់សហគមន៍អន្តរជាតិចំពោះកម្ពុជា និងជាការរួមចំណែកពង្រឹងកិត្យានុភាពជាតិ តួនាទី និងភាពសកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិផងដែរ៕