ឯកឧត្តម នេត្រ ភក្ត្រា៖ យុវជនស្ម័គ្រចិត្តម្នាក់ៗ គឺជាតំណាងឱ្យកម្ពុជា ក្នុងការបង្ហាញ «ស្នាមញញឹមកម្ពុជា» មុខមាត់ កិត្តិយស និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ក្នុងឱកាសកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦
រាជធានីភ្នំពេញ៖ យុវជនស្ម័គ្រចិត្តម្នាក់ៗ គឺជាតំណាងឱ្យកម្ពុជា ហើយស្នាមញញឹម ភាពរួសរាយរាក់ទាក់ បេះដូងបើកចំហ និងស្មារតីទទួលខុសត្រូវរបស់យុវជន គឺជាផ្នែកមួយនៃការបង្ហាញ «ស្នាមញញឹមកម្ពុជា» ជូនដល់អ្នកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងសាធារណជនអន្តរជាតិ ព្រមទាំងជាការរួមចំណែកផ្សព្វផ្សាយមុខមាត់ កិត្តិយស និងអត្តសញ្ញាណជាតិទៅកាន់ពិភពលោក។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការទី៣ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់យុវជនស្ម័គ្រចិត្តជានិស្សិតផ្នែកភាសាបារាំងចំនួន២៨នាក់ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីត្រៀមចូលរួមគាំទ្រការងារព័ត៌មាន និងផ្សព្វផ្សាយក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះ។
ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា ការងារដែលយុវជនស្ម័គ្រចិត្តម្នាក់ៗទទួលខុសត្រូវ គឺជាការងារតំណាងឱ្យជាតិ។ ដូច្នេះ យុវជនត្រូវចាត់ទុកឱកាសនេះជាការចូលរួមចំណែកក្នុងការកសាងមុខមាត់ និងលើកកម្ពស់កិត្តិយសកម្ពុជា តាមរយៈការបង្ហាញពីភាពពិតរបស់ប្រទេសជាតិ គឺភាពរាក់ទាក់ ស្នាមញញឹម និងការជួយយកអាសាគ្នាក្នុងការបំពេញការងារ។ ឯកឧត្តមបានលើកទឹកចិត្តឱ្យយុវជនទាំងអស់បំពេញភារកិច្ចដោយភាពស្វាហាប់ យកចិត្តទុកដាក់ អត់ធ្មត់ មានសុជីវធម៌ និងស្មារតីសហការជាក្រុម ព្រមទាំងប្រើប្រាស់ចំណេះដឹងភាសាបារាំង និងសមត្ថភាពរបស់ខ្លួនឱ្យអស់ពីលទ្ធភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់យុវជនស្ម័គ្រចិត្តម្នាក់ៗ អាចបង្កើតចំណាប់អារម្មណ៍ល្អដល់ភ្ញៀវជាតិ និងអន្តរជាតិ។ រាល់សកម្មភាពនៃការស្វាគមន៍ ការណែនាំ និងការជួយសម្របសម្រួលដោយការទទួលខុសត្រូវ គឺជាការឆ្លុះបញ្ចាំងពីវប្បធម៌នៃការស្វាគមន៍ និងស្មារតីសាមគ្គីភាពរបស់ប្រជាជនកម្ពុជា។ ហេតុនេះ យុវជនស្ម័គ្រចិត្តត្រូវធ្វើជាអ្នកនាំយកស្នាមញញឹម និងភាពកក់ក្តៅរបស់កម្ពុជាទៅកាន់ភ្ញៀវជាតិ និងអន្តរជាតិដែលមកចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
យុវជនស្ម័គ្រចិត្តទាំង២៨នាក់ ដែលជានិស្សិតផ្នែកភាសាបារាំង នឹងចូលរួមបំពេញភារកិច្ចចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីគាំទ្រការងារព័ត៌មាន និងផ្សព្វផ្សាយ ព្រមទាំងជួយសម្របសម្រួលដល់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណ ១ ២០០នាក់ មកពី៣៦ប្រទេស ដែលបានចុះឈ្មោះចូលរួមយកព័ត៌មាន និងផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
ក្នុងអំឡុងពេលនោះ កម្ពុជានឹងរៀបចំព្រឹត្តិការណ៍សំខាន់ៗក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី រួមមាន ពិធីបើកភូមិហ្វ្រង់កូហ្វូនី (Village de la Francophonie) នៅថ្ងៃទី១៣ ខែវិច្ឆិកា ព្រឹត្តិការណ៍ហ្វ្រង់កូតិច (FrancoTech) ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា សន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ នៅថ្ងៃទី១៤ ខែវិច្ឆិកា និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងជំនួបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានចែករំលែកចំណេះដឹងទូទៅអំពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (Organisation internationale de la Francophonie – OIF) ដែលមានសមាជិក និងរដ្ឋសង្កេតការណ៍សរុបចំនួន៩០ រួមមាន សមាជិកពេញសិទ្ធិ៥៣ សមាជិករួម៥ និងរដ្ឋសង្កេតការណ៍៣២ ដែលមានវត្តមាននៅលើទ្វីបទាំង៥ និងមានអ្នកប្រើប្រាស់ភាសាបារាំងប្រមាណ៣២១លាននាក់នៅទូទាំងពិភពលោក។
អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីមានបេសកកម្មសំខាន់ៗចំនួន៤ រួមមាន៖ ការលើកតម្កើងភាសាបារាំង ពហុវប្បធម៌ និងភាពចម្រុះនៃភាសា ការលើកកម្ពស់សន្តិភាព លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ការគាំទ្រវិស័យអប់រំ ការបណ្តុះបណ្តាល ឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងការពង្រីកកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងសាមគ្គីភាពរវាងសមាជិក។
សម្រាប់ប្រវត្តិនៃការចូលរួមក្នុងចលនាហ្វ្រង់កូហ្វូនី កម្ពុជាបានចូលរួមតាំងពីឆ្នាំ១៩៩១ និងទទួលបានឋានៈជាសមាជិកពេញសិទ្ធិនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Grand Baie ប្រទេសម៉ូរីស ក្នុងខែតុលា ឆ្នាំ១៩៩៣។ កម្ពុជាក៏ជាប្រទេសមួយក្នុងចំណោមប្រទេសស្ថាបនិកនៃទីភ្នាក់ងារសហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT) ដែលបានបង្កើតឡើងនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំឭកឡើងវិញដែរថា ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ទ្រង់មានព្រះរាជតួនាទីដ៏សំខាន់ក្នុងការផ្តួចផ្តើម និងជំរុញការបង្កើតចលនាហ្វ្រង់កូហ្វូនី។ ការចូលរួមជាបន្តបន្ទាប់របស់កម្ពុជាក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី បានរួមចំណែកពង្រឹងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ប្រទេសប្រើប្រាស់ភាសាបារាំង រហូតដល់កម្ពុជាទទួលបានកិត្តិយសធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តដល់យុវជនស្ម័គ្រចិត្តជានិស្សិតផ្នែកភាសាបារាំងទាំង២៨នាក់ថា ការចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ មិនត្រឹមតែជាឱកាសសម្រាប់អនុវត្តចំណេះដឹង និងជំនាញភាសាបារាំងក្នុងការងារជាក់ស្តែង ព្រមទាំងទទួលបានបទពិសោធន៍ថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការចូលរួមចំណែកដោយផ្ទាល់ក្នុងការផ្សព្វផ្សាយមុខមាត់ កិត្តិយស វប្បធម៌ និងអត្តសញ្ញាណជាតិកម្ពុជាទៅកាន់ពិភពលោក តាមរយៈស្នាមញញឹម ភាពរួសរាយរាក់ទាក់ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់យុវជនកម្ពុជា៕


