ឯកឧត្តម នេត្រ ភក្ត្រា៖ កម្ពុជាប្រើប្រាស់ការពិតដើម្បីវាយបកទៅនឹងសង្គ្រាមព័ត៌មាន និងការបំភ័ន្តមតិអន្តរជាតិរបស់ភាគីថៃ

ថៃបានបង្កើតសង្គ្រាមបីក្នុងពេលតែមួយគឺ៖ សង្គ្រាមយោធា សង្គ្រាមការទូតនិងផ្លូវច្បាប់ និងសង្គ្រាមព័ត៌មាន ដើម្បីឱ្យប្រជាជនរបស់ខ្លួន និងអន្តរជាតិ យល់ថាខ្លួនជាជនរងគ្រោះ ប្រព័ន្ធផ្សព្វផ្សាយរបស់ថៃលែងខ្វល់អំពីក្រមសីលធម៌វិជ្ជាជីវៈ និងប្រើយុទ្ធសាស្ត្រ Manipulative Information Warfare ដើម្បីបំផ្លើស បំភ្លៃ និងបំភ័ន្តនូវទង្វើឈ្លានពានរបស់ខ្លួន,
ឯកឧត្តម រដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទោះបី យោធាថៃខិតខំបំភ័ន្តសាធារណៈមតិយ៉ាងណាក៏ដោយ តាមរយៈសារព័ត៌មានអន្តរជាតិនានាដូចជា BBC, CNN, Aljazeera, AFP, AP, Reuters, XINHUA, CNA និងសារព័ត៌មានធំៗជាច្រើនទៀត បានចុះយកព័ត៌មាននៅតាមបណ្តោយព្រំដែន ក្រោមការសម្រួបសម្រួលរបស់ក្រសួងព័ត៌មាន បានផ្សព្វផ្សាយនូវព័ត៌មាន ពិតដែលបានបង្ហាញថា កម្ពុជាជាប្រទេសដែលត្រូវបានថៃឈ្លានពាន។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីបើក អង្គសន្និបាតបូកសរុបលទ្ធផលការងារ ក្នុងឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ដែលធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ក្រោមមូលបទ “ការពង្រឹងប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នក្រោមរចនាសម្ព័ន្ធថ្មី”។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា
តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅតាមព្រំដែនកម្ពុជា-ថៃ ដែលរងគ្រោះការឈ្លានពានពីសំណាក់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា គឺបានបង្ហាញឱ្យពិភពលោក បានយល់យ៉ាងច្បាស់ថា ថៃ បានបំពាន និងឈ្លានពានកម្ពុជា។ កម្ពុជា គឺជាជនរងគ្រោះនៃរំលោភបំពានពីសំណាក់យោធាថៃ។
ទម្រាំនឹងយកបានពាក្យនេះ ហើយទម្រាំនឹងពិភពលោក ទទួលស្គាល់ថា កម្ពុជា ជាជនរងគ្រោះ គឺរាជរដ្ឋាភិបាល បានអត់ធ្មត់ ពោលគឺអនុវត្តបានយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងកិច្ចព្រមព្រៀងនានា។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា បណ្តាញព័ត៌មានរដ្ឋ-ឯកជន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិនានា បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតជូនសាធារណជនជាតិ និងអន្តរជាតិ បានចូលរួមយ៉ាងសកម្មនាំនូវព័ត៌មានពិតប្រាប់ដល់ពិភពលោកថា ប្រទេសកម្ពុជា ជាជនរងគ្រោះនៃការឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា ទាំងបំពាន និងខុសច្បាប់អន្តរជាតិ។ ដូច្នេះការចុះមកផ្ទាល់នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានផ្តល់ឱកាសដល់អ្នកសារព័ត៌មាន បានសង្កេតការណ៍ និងរាយការណ៍ព័ត៌មានដោយផ្ទាល់ ជុំវិញជនភៀសសឹក ការបំផ្លិចបំផ្លាញផ្ទះសម្បែង វត្តអារ៉ាមដោយយោធាថៃ និងការដាក់ទូកុងតឺន័រ រាយបន្លាលួសរបស់យោធាថៃ ក្រោយបទឈប់បាញ់។ ដោយមានអត្ថបទជាច្រើនត្រូវបានសរសេរ និងផ្សព្វផ្សាយទាំងរូបភាព និងរូបថតដែលផ្តិតចេញពីតំបន់រងគ្រោះ គឺបានផ្តល់នូវការពិត នៃការរងគ្រោះរបស់កម្ពុជា។
ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា បញ្ហាព្រំដែននេះជាបញ្ហាអូសបន្លាយរយៈពេលវែង ដែលទាមទារឱ្យយើងត្រូវពង្រឹងភាពធន់ រៀនរស់ និងសម្របខ្លួនក្នុងបញ្ហា និងខិតខំបំពេញការងារតាមតួនាទី និងភារកិច្ចរៀងៗខ្លួន។ យើងមិនត្រូវបណ្ដែតបណ្ដោយឱ្យខ្លួនយើងទោរទន់ និងបាក់ទឹកចិត្តទៅតាមសង្គ្រាមបានឡើយ។ យើងត្រូវតែរឹងមាំទាំងស្មារតី ទាំងសមត្ថភាព និងធនធាន ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យកាន់តែរុងរឿងនាថ្ងៃអនាគត។
នៅក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់មន្ទីរព័ត៌មាន ព្រមទាំងអាជ្ញាធរខេត្ត ដែលរងគ្រោះដោយសារការឈ្លានពានពីសំណាក់យោធាថៃ ដែលបានព្យាយាមសម្របសម្រួលនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលដល់ទីតាំងរងការបំផ្លិចបំផ្លាញដោយយោធាថៃ ដើម្បីអនុញ្ញាតដល់អ្នកសារព័ត៌មាន ប្រមូលព័ត៌មានពិតជាក់ស្តែង សម្រាប់ផ្សព្វផ្សាយដល់ដៃ មនុស្សទូទាំងពិភពលោកបានដឹងពីការរងគ្រោះរបស់ប្រជាជនកម្ពុជា ដែលកើតឡើងពីសកម្មភាពឈ្លានពានរបស់យោធាថៃ៕