ឯកឧត្តម នេត្រ ភក្ត្រា៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា សម្រេចបានឯកសារលទ្ធផលសំខាន់ៗចំនួន៣ គឺការលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការពហុភាគី និងការការពារបេតិកភណ្ឌវប្បធម៌

រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានអនុគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ បានគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានសម្រេចនូវឯកសារលទ្ធផលសំខាន់ៗចំនួន៣ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់សន្តិភាព ការគោរពច្បាប់អន្តរជាតិ កិច្ចសហប្រតិបត្តិការពហុភាគី និងការការពារបេតិកភណ្ឌវប្បធម៌។

ក្នុងសន្និសីទសារព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ឯកសារលទ្ធផលសំខាន់ៗទាំង៣ រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដំណោះស្រាយស្តីពីស្ថានភាពវិបត្តិ និងសេចក្តីអំពាវនាវទីក្រុងភ្នំពេញស្តីពីការការពារបេតិកភណ្ឌវប្បធម៌។ ឯកសារទាំងនេះជាមូលដ្ឋានសំខាន់សម្រាប់បន្តជំរុញកិច្ចសន្ទនា ការយោគយល់គ្នា និងការរួមសហការដោះស្រាយបញ្ហាប្រឈមនានាក្នុងសហគមន៍អន្តរជាតិ។

ជាមួយគ្នានេះ កិច្ចប្រជុំកំពូលក៏បានសម្រេចបន្តអាណត្តិលោកស្រី Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី រយៈពេល១២ខែបន្ថែមទៀត ដោយចាប់ផ្តើមពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ និងឈានទៅដំណើរការជ្រើសរើសអគ្គលេខាធិការថ្មីសម្រាប់អាណត្តិបន្ទាប់។ ក្រៅពីនេះ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក៏បានសម្រេចបើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅកម្ពុជាផងដែរ ដែលជាការបើកឱកាសថ្មីសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទំនាក់ទំនងក្នុងចំណោមប្រទេសសមាជិក។

កិច្ចប្រជុំកំពូលនេះក៏បានកំណត់ឱ្យប្រទេសកាណាដាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ដើម្បីបន្តសន្ទុះនៃកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍរួមរបស់សហគមន៍ហ្វ្រង់កូហ្វូនី។

គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមប្រធានបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដោយមានគណៈប្រតិភូជាន់ខ្ពស់ពីរដ្ឋ និងរដ្ឋាភិបាលចំនួន៨១ ក្នុងនោះមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន២៣ ស្មើនឹង៩០% នៃសមាជិកអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីសរុបចំនួន៩០៕